ជប៉ុនផ្តល់ជំនួយ ៣១០លានដុល្លារ សម្រាប់អភិវឌ្ឍន៍គម្រោង៥ធំៗនៅកម្ពុជា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន ដែលមានទឹកប្រាក់សរុប ប្រមាណ ៣១០ លានដុល្លារអាមេរិក ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា កាលពីព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២០។

លិខិតប្តូរសារនេះ ត្រូវបានចុះហត្ថលេខាដោយ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ស្តីអំពីការអនុវត្តគម្រោងហិរញ្ញប្បទានឥតសំណងចំនួន ៣គម្រោង និងឥណទានសម្បទាន ចំនួន ២ គម្រោង។

ចំពោះឥណទានសម្បទាន គឺសម្រាប់អនុវត្តទៅលើគម្រោងកែលម្អផ្លូវជាតិលេខ៥ ដំណាក់កាលទី២ (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ -ប៉ោយប៉ែត) ដែលមានទឹកប្រាក់ប្រមាណ ១៦១លានដុល្លារអាមេរិក និងគម្រោងកែលម្អផ្លូវជាតិលេខ៥ ដំណាក់កាលទី៣ (ព្រែកក្តាម-ធ្លាម្អម) ដែលមានទឹកប្រាក់ប្រមាណ ១០៦,៥ លានដុល្លារអាមេរិក។

ចំណែកឯ ហិរញ្ញប្បទានឥតសំណងវិញ កញ្ចប់ថវិកានេះ សម្រាប់អនុវត្តទៅលើគម្រោងការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ក្នុងក្រុងតាខ្មៅ ដែលមានទឹកប្រាក់ចំនួន ប្រមាណ ៣១ លានដុល្លារអាមេរិក។ គម្រោងសមាហរណកម្មការបោសសម្អាតមីន និងសង្គ្រោះជនពិការដោយសារមីន ដែលមានទឹកប្រាក់ចំនួន ប្រមាណ ៩លានដុល្លារអាមេរិក។ និងគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដែលមានទឹកប្រាក់ចំនួន ប្រមាណ ២.៧ លាន ដុល្លារអាមេរិក។

ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងជួយលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជាបន្ថែមទៀត ព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជាតិទាំងពីរ ឱ្យកាន់តែស្អិតរមួតទ្វេឡើងថែមទៀតផង។

បើយោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ (២០១៦-២០១៩) ប្រទេសកម្ពុជា បានទទួលជំនួយអភិវឌ្ឍន៍ផ្លូវការ ចំនួនសរុបជាង ៥៥០ លានដុល្លារអាមេរិក ពីប្រទេសជប៉ុន ដែលភាគច្រើននៃជំនួយនោះ គឺសម្រាប់ការស្ដារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ៕ (អានបន្ថែម)

- Video Advertisement -