គម្រោងសាងសង់ផ្លូវលេខ ១៤៦បេ ក្នុងខេត្តព្រះសីហនុចាប់ផ្តើមសាងសង់ហើយ

គម្រោងសាងសង់កំណាត់ផ្លូវខេត្តលេខ ១៤៦បេ ក្នុងខេត្តព្រះសីហនុ ដែលប្រើថវិកាជាតិផ្ទាល់របស់ជាតិ បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះហើយ។ កំណាត់ផ្លូវនេះ សាងសង់ដោយក្រុមហ៊ុនចិន China Road & Bridge Corporation Co.Ltd (CRBC) ចំណាយថវិកាចំនួន ៧៦.៨៨៨.០០០ ដុល្លារសហរដ្ឋអាមេរិក ក្នុងកញ្ចប់ថវិកា១០០លានដុល្លារអាមេរិក ដែលជាថវិកាសន្សំរបស់ជាតិ និងគ្រោងប្រើប្រាស់រយ:ពេលសាងសង់ចំនួន២៨ខែ។

នេះបើតាមការបញ្ជាក់ក្នុងទំព័រហ្វេកផេកផ្លូវការរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០។

ថ្លែងក្នុងដំណើរដឹកនាំការងារចុះត្រួតពិនិត្យបច្ចេកទេស កាលពីថ្ងៃទី ១៧ ខែមេសានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា៖ កំណាត់ផ្លូវនេះគឺជាផ្លូវវាងក្រុងដ៏មានសក្ដានុពលសម្រាប់បម្រើ ឱ្យការដឹកជញ្ជូនទំនិញនាំចេញ-ចូលតាមនាវា កសិផល និងជលផលរបស់បងប្អូនប្រជាពលរដ្ឋ នៅស្រុកស្ទឹងហាវ ក៏ដូចជាបងប្អូនរស់នៅតំបន់ទំនប់រលកចាស់ នៃក្រុងព្រះសីហនុ ទៅកាន់ទីផ្សារកាន់តែមានលក្ខណៈងាយស្រួល ឆាប់រហ័ស និងចំណាយតិច។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តអំពីអត្ថប្រយោជន៍បន្ថែមនៃផ្លូវ ដែលកើតចេញពីថវិកាសន្សំចេញញើសឈាមយើងទាំងអស់គ្នាថា “… និងបានចូលរួមចំណែកយ៉ាងច្រើនដល់ការកាត់បន្ថយការកកស្ទះចរាចរណ៍តាមផ្លូវជាតិលេខ៤ ចំពោះរថយន្តដឹកជញ្ជូនទំនិញធុនធ្ងន់ដូចជាកុងតាន័រ ជាដើម។”

ដើម្បីធានាគុណភាព និងភាពធន់បានយូរទល់នឹងដំណឹកជញ្ជូនធ្ងន់ ព្រោះចរាចរណ៍លើដងផ្លូវនេះនឹកមមាញឹកខ្លាំង ផ្លូវថ្មីនេះ នឹងសាងសង់ដោយចាក់បេតុងកៅស៊ូ AC កម្រាស់ ៩សង់ទី ម៉ែត្រ ប្រវែង២០,៦៧៨គីឡូម៉ែត្រ និងចាក់បេតុង សរសៃដែកកម្រាស់ ២៦ សង់ទីម៉ែត្រប្រវែង ២២,៣៤៧ គីឡូម៉ែត្រ៕

សូមបញ្ជាក់ថា កំណាត់ផ្លូវខេត្តលេខ១៤៦បេ ឬ វិថីសុវត្ថិភាពសម្ដេចសង្ឃរាជ ទេព វង្សនេះ មានប្រវែងសរុប ៤៣,០២៥ គីឡូម៉ែត្រ។ ផ្លូវនេះ លាតសន្ធឹង ចាប់ពីបំបែកផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៧៨+១៦៥ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ដល់រង្វង់មូលស្ទឹងហាវ ស្ថិតនៅភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ និងបន្តរហូត ដល់កំពង់ផែក្រុងព្រះសីហនុ៕

- Video Advertisement -