កូវីដ ១៩ បានបង្កជាឧបសគ្គសម្រាប់ការបូមប្រេងដំបូងនៅកម្ពុជា
ឯកឧត្តម ជៀប សួរ អគ្គនាយក នៃអគ្គនាយកដ្ឋានប្រេងកាត មានប្រសាសន៍ថា ការបូមយកដំណក់ប្រេងកាតដំបូងនៅកម្ពុជា នឹងត្រូវពិភាក្សា និង វាយតម្លៃបន្ត ចំពោះរឿងនេះ ក្រោយកូវីដ ១៩ បានបញ្ចប់ ។
ឆ្លើយតបនឹងសំណួរ អ្នកសារព័ត៌មានក្នុងស្រុកមួយ អំពី ផលប៉ះពីកូវីដ ១៩ មកលើតម្លៃប្រេង នៅទូទាំងពិភពលោក នាសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងរ៉ែ និងថាមពល នៅព្រឹកថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២០ឯកឧត្តមអគ្គនាយក មានប្រសាសន៍ ថា “ជាទូទៅហើយក្រុមហ៊ុនណាក៏មានផលប៉ះពាល់ រួមទាំងបុគ្គល និងគម្រោងប្រេងផង ដូច្នេះនៅដំណាក់កាលនេះ យើងអត់ទាន់អាចវាតម្លៃថាយ៉ាងទេ”។
ឯកឧត្តមបន្ថែមថា “ដូច្នេះសូមពេលវេលាបន្តិចទៀត នៅពេលកូវីដធូរស្រាល យើងនឹងជួបប្រជុំជាមួយគាត់ ហើយយើងនឹងអាចវាយតម្លៃបាន” ។
ទាក់ទិនទៅនឹងតម្លៃ ប្រេងធ្លាក់ ឯកឧត្តមបានបន្តទៀតដែរថា “បញ្ហានេះ ខ្ញុំសូមជម្រាបជូនថា កូវីដនេះ បានធ្វើអោយថ្លៃប្រេងធ្លាក់ … ធ្លាក់ដោយសារតម្រូវការប្រេងថយចុះ” ។ បន្ថែមពីនេះដែរ ឯកឧត្តម បានលើកឡើងថា “ ការធ្លាក់តម្លៃប្រេងនេះ នឹងអាចធ្វើអោយមានការបាត់បង់ទំនុកចិត្ត ហិរញ្ញប្បទានក្នុងការ ដាក់ទុនវិនិយោគនៅក្នុង វិស័យរុករកប្រេងមួយនេះ” ។
គួររម្លឹកដែរថា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានប្រកាសអោយពន្លឿននៅការផលិតប្រេងដំបូងនៅក្នុងប្រទេសកម្ពុជាចេញពីបាសាំងអប្សរា ឱ្យបានក្នុងឆ្នាំ ២០២០ នេះ។ ទោះយ៉ាងណាក្តី កាលបរិច្ឆេទជាក់លាក់ នៅមិនទាន់កំណត់បាននៅឡើយទេ។
សូមបញ្ជាក់ថាប្រទេសកម្ពុជា មានតំបន់ដែលអាចរុករកចំនួន ៣ កន្លែង គឺទាំងតំបន់សមុទ្រ តំបន់ដីគោក និងតំបន់ត្រួតស៊ីគ្នារវាងព្រំដែនសមុទ្រកម្ពុជា – ថៃ ។ តំបន់ ដែនសមុទ្រ ត្រូវបានចែក ជា៦ប្លុក (ពី A ដល់ F)ចំណែកឯតំបន់នៅលើដីគោក មាន១៩ ប្លុក (ពី I ដល់ XIX)។ ដោយឡែក នៅសល់ ៤ តំបន់ទៀត ដែលមានទីតាំងស្ថិតនៅដែនសមុទ្រត្រួតគ្នារវាងកម្ពុជា-ថៃ នៅមិនទាន់មានការដោះស្រាយដាច់ស្រេចរវាងប្រទេសទាំងពីរនៅឡើយ។ ក្នុងចំណោមប្លុកទាំងអស់ខាងលើ ប្លុកអេ offshore Block A ត្រូវបានគេរំពឹងថា នឹងអាចផ្តល់តំណក់ប្រេងដំបូងដល់កម្ពុជាបានមុនគេ ៕ (អានបន្ថែម)
- Video Advertisement -