ក្រសួងសាធារណការ បើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេសគ្រប់គ្រង់គម្រោងសំណង់ផ្លូវថ្នល់ដល់មន្ត្រីវិស្វករវ័យក្មេង
ក្រសួងសាធារណការ និងដឹកជញ្ជូន បើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេសគ្រប់គ្រង់គម្រោងសំណង់ផ្លូវថ្នល់ ដល់មន្ត្រីវិស្វករវ័យក្មេងចំនួន១០រូប ដោយយកគម្រោងកែលម្អគុណភាពផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ ២២ មកអនុវត្តផ្ទាល់តែម្តង ដើម្បីបង្កើនការយល់ដឹងចំណេះដឹងថ្មីៗ ពាក់ព័ន្ធនឹងការចុះសម្របសម្រួល និងពិនិត្យលក្ខណៈបច្ចេកទេស។ នេះបើយើងតាមទំព័រហ្វេកប៊ុកផ្លូវការរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។
ឯកឧត្ដម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ ថា វគ្គបណ្ដុះបណ្ដាលបច្ចេកទេសសម្រាប់គម្រោងកែលម្អគុណភាពផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ដល់មន្ត្រីវិស្វករវ័យក្មេង រៀបចំឡើងក្នុងគោលបំណងបំពាក់បំប៉នចំណេះដឹងថ្មីៗបន្ថែមទៀត ដល់មន្ត្រីទាំងនោះ តាមរយៈការផ្តល់បទបង្ហាញពីវាគ្មិនអន្តរជាតិដែលមានបទពិសោធន៍យូរឆ្នាំ។ វគ្គបណ្តុះបណ្តាលនេះ មានរៀបចំជាវេទិកាសួរដេញដោល និងដោះស្រាយរាល់បញ្ហាដែលជួបប្រទះ និងដោះស្រាយជាក់ស្ដែង នៅការដ្ឋាន សំដៅធានាបាននូវទំនុកចិត្តខ្ពស់នៅពេលចុះអនុវត្តប្រតិបត្តិការងារប្រចាំថ្ងៃ។
ឯកឧត្ដមបន្តថា៖ “គម្រោងមួយមានដំណើរការល្អ ឬមិនល្អ មិនមែនអាស្រ័យលើក្រុមហ៊ុនម៉ៅ ការតែម្យ៉ាងតែប៉ុណ្ណោះទេ។ ប៉ុន្តែវាអាស្រ័យលើម្ចាស់គម្រោង (អង្គភាពគ្រប់គ្រង និងអង្គភាពអនុវត្តគម្រោង) និងក្រុមហ៊ុនប្រឹក្សាបច្ចេកទេស ដែលជាកត្តាដ៏សំខាន់ក្នុងការសម្របសម្រួល និងសហការជាមួយក្រុមហ៊ុន ម៉ៅការយ៉ាងជិតស្និទ្ធ ដើម្បីឱ្យគម្រោងមានដំណើររលូន និងមានគុណភាពខ្ពស់ទៀតផង។”
ឯកឧត្ដម បានផ្ដាំផ្ញើឱ្យសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ត្រងត្រាប់ស្ដាប់ការពន្យល់ពីអ្នកជំនាញ ព្រមទាំងលើកទឹកចិត្តឱ្យចូលរួមជាមតិយោបល់ សួរដេញដោលឱ្យបានផុលផុស ដើម្បីស្រាយចម្ងល់ និងទទួលបានចំណេះដឹងច្បាស់លាស់ ដើម្បីបម្រើ និងអភិវឌ្ឍប្រទេសជាតិរបស់យើង។
ឯកឧត្ដម សង្ឃឹមយ៉ាងមុតមាំថា វគ្គបណ្ដុះបណ្ដាលនេះ នឹងផ្ដល់ចំណេះដឹងដ៏មានតម្លៃក្នុងការលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈរបស់មន្ត្រីវិស្វករជំនាន់ក្រោយ ដែលនឹងក្លាយជាសសរស្ដម្ភ និងជាទំពាំងស្នងឫស្សី ប្រកបដោយសក្ដានុពល សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ៕

