រដ្ឋមន្ត្រីក្រសួងសាធារណការ ខួងថ្នល់ផ្ទាល់បង្ហាញថា មិនបានលួចបន្លំពីការធ្វើផ្លូវ

ដៃកាន់ដុំកៅស៊ូដែលទើបតែបានខួងពីផ្លូវថ្នល់ផ្តាល់បណ្តើរ មានប្រសាសន៍បណ្តើរ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលថ្លែងចំពោះមុខអ្នកសារព័ត៌មានជាតិថា “ទាក់ទងនឹងការរិះគន់របស់បងប្អូនប្រជាពលរដ្ឋ ធ្លាប់បានលើកឡើងថា ខាងក្រសួង ចាក់កៅស៊ូស្តើង ស៊ីក្រាស់ និង ក្រាស់ស៊ីស្តើង ឥឡូវនេះ ខាងក្រសួងបានចាត់វិធានការថ្មីថា ធ្វើផ្លូវអោយមានគុណភាព ធ្វើផ្លូវអោយបានរឹងម៉ាំ”។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងដូចនេះ ក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញចុះខួងថ្នល់ផ្ទាល់ នៅការដ្ឋានរង្វង់មូលអ្នកលឿង ផ្លូវក្រវាត់ក្រុងព្រៃវែង រង្វង់មូលស្វាយអន្ទរ និងទីប្រជុំជនស្រុកអូរាំងឪ នាថ្ងៃទី០៤ ឧសភា ២០២០ ដើម្បីបង្ហាញពីកម្រាស់ចាក់កៅស៊ូ និងដើម្បីបញ្ជាក់ថា មិនដូចទៅនឹងអ្វីដែលប្រជាពលរដ្ឋយល់ច្រឡំកន្លងមក ថាមានការកឹបកែងបន្លំពីគម្រោងធ្វើផ្លូវថ្នល់សោះឡើយ។

បន្ថែមពីលើនេះ ឯកឧត្តមបានបញ្ជាក់ពីស្តង់ដារគុណភាពផ្លូវថ្នល់នេះថា “ខាងក្រសួងបាន ធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុន តាមការចាក់កៅស៊ូ អោយបានកម្រាស់ ៥ ហ៊ុន តែក្រុមហ៊ុនក៏បានចាក់ កន្លែងខ្លះ ដល់ ៥,៧ ក៏មានដែរ។”

ឯកឧត្តមបានបន្ថែមថា “ដូចដែលកំពុងឃើញនេះ ជាកម្រាស់ផ្លូវ ដំបូងថា ៥ ហ៊ុនទេ តែពេលវាស់ ៥,៧ ហ៊ុន។ សបញ្ជាក់អោយឃើញថា ខាងក្រសួង និង ក្រុមហ៊ុន មិនបានលួចបន្លំអ្វីនោះទេ។”

គួរបញ្ជាក់ដែរថា រង្វង់មូលអ្នកលឿង ផ្លូវក្រវាត់ក្រុងព្រៃវែង រង្វង់មូលស្វាយអន្ទរ និងទីប្រជុំជនស្រុក អូរាំងឪ ជាការដ្ឋានសាងសង់នៃគម្រោង ផ្លូវជាតិលេខ ១១ និងផ្លូវវាងប្រវែងសរុប ៩៦,៤៨ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ១ នៅខេត្តព្រៃវែង ទៅផ្លូវជាតិលេខ ៧ នៅខេត្តត្បូងឃ្មុំ។ គម្រោងលើកកម្ពស់គុណភាពផ្លូវមួយខ្សែនេះ ជាហិរញ្ញប្បទាន ដោយសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល ដែលមានខ្ទង់ថវិកាចំណាយសរុប ចំនួនប្រមាណ ៩៤ លានដុល្លារសហរដ្ឋអាមេរិក៕

រូបថត៖ MPWT

- Video Advertisement -