អ្នកទៅលេងឆ្នេរសមុទ្រក្រុងព្រះសីហនុនឹងមានបន្ទប់ទឹកសាបប្រើប្រាស់មិនបង់ថ្លៃឆាប់ៗនេះហើយ
រដ្ឋបាលខេត្តព្រះសីហនុគ្រោងសាងសង់បន្ទប់ទឹក និងកន្លែងងូតទឹកសាប ជាង២០កន្លែងលើឆ្នេរសមុទ្រចម្ងាយប្រមាណ៩គីឡូម៉ែត្រ ដល់ភ្ញៀវទេសចរ និងដាក់ប្រើប្រាស់ដោយឥតគិតថ្លៃ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅបន្ដរបស់រដ្ឋបាលខេត្តព្រះសីហនុ» កាលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ ថាបន្ទប់ទឹកជាង២០ទីតាំងនេះ ត្រូវបានបញ្ចប់ការសិក្សា និងបង្កប់លូរួចរាល់ហើយ។
ឯកឧត្តមបានមានប្រសាសន៍ថា៖ «នៅក្នុងបណ្ដោយឆ្នេរដែលយើងបានរៀបចំជាឆ្នេរសាធារណៈប្រវែងរហូតដល់ជាង៩គីឡូម៉ែត្រ ឥឡូវនេះយើងបានធ្វើផ្លូវបេតុង។ យើងគ្រាន់តែបានគិតបឋមតែប៉ុណ្ណោះ នោះគឺបង្កប់លូឲ្យហើយស្រេចទុកជាមុន ថាថ្ងៃក្រោយបើយើងកសាងបន្ទប់ទឹកសាធារណៈទៅ ទឹកដែលយើងនឹងប្រើនៅទៅនោះ គឺយើងមិនឲ្យវាហូរចូលសមុទ្រវិញដែរ។»
ឯកឧត្តមបានបន្ថែមដោយសារទាក់ទងជាមួយនីតិវិធីហរិញ្ញវត្ថុ រដ្ឋបាលធ្វើឥឡូវភ្លាមៗបាននោះទេ ព្រោះត្រូវរៀបចំនៅក្នុងផែនការចំណាយហរិញ្ញវត្ថុសិន។បច្ចុប្បន្ន រដ្ឋបាលគ្រាន់តែអាចធ្វើលូសិនសម្រាប់បញ្ចៀសការហូរទឹក កង្វក់ចូលសមុទ្រប៉ុណ្ណោះ។
តំបន់ឆ្នេរចម្ងាយ៩គីឡូម៉ែត្រនេះ ត្រូវបានបើកជាសាធារណៈឲ្យប្រជាជនប្រើប្រាស់ដោយឥតគិតថ្លៃ ដែលមានដូចជា បន្ទប់ទឹក កន្លែងងូតទឹកសាប កញ្ចុះអង្គុយជាដើម។
គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗទៅនេះ រដ្ឋបាលខេត្តព្រះសីហនុ និងក្រុមហ៊ុន អូរត្រេះ មេនេចមេន (OTRES MANAGEMENT CO., LTD.) កំពុងសិក្សាគម្រោងអភិវឌ្ឍន៍សួនកំសាន្តឆ្នេរអូរត្រេះ២ ប្រវែង១.៧៤៦ ម៉ែត្រ ដោយបង្កើនសោភណភាពទាក់ទាញទេសចរណ៍ និងប្រែក្លាយតំបន់នេះទៅជាឆ្នេរសាធារណៈផងដែរ៕ (អានបន្ថែម)

