អតីតព្រលានយន្តហោះកំពត នឹងត្រូវប្រើសម្រាប់អភិវឌ្ឍន៍គម្រោងផ្គត់ផ្គង់ទឹកស្អាត
អតីតអាកាសយានដ្ឋានខេត្តកំពត នឹងត្រូវបានប្រើសម្រាប់គម្រោងវិនិយោគ ផ្គត់ផ្គង់ទឹកស្អាត ដើម្បីបង្កើនការផ្គត់ផ្គង់ទឹកស្អាត នៅក្នុងខេត្តទេសចរណ៍មាត់សមុទ្រមួយនេះ។
រដ្ឋបាលខេត្តកំពតបានសម្រេចប្រគល់ដីនៃអតីតអាកាសយានដ្ឋាន ទំហំ៥ហិកតា ស្ថិតនៅភូមិអូរតូច សង្កាត់ អណ្តូងខ្មែរ ក្រុងកំពត ទៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេសវិទ្យា និងនវានុវត្ត៍ ដើម្បីអភិវឌ្ឍន៍គម្រោងផ្គត់ផ្គង់ទឹកស្អាត។
លោក ភូ លិ អភិបាលខេត្តរងកំពត បានប្រាប់ទស្សនាវដ្តីសំណង់ និងអលចនទ្រព្យនៅថ្ងៃទី ១៧ នេះថា ទីតាំងអតីតព្រលានយន្តហោះកំពត ដែលបច្ចុប្បន្ននៅសល់ប្រមាណ ៧ ហិកតា ត្រូវបានកាត់ ៥ ហិកតាចេញ សម្រាប់វិនិយោគគម្រោងផ្គត់ផ្គង់ទឹកស្អាត ទៅឲ្យក្រសួងឧស្សាហកម្ម។
លោកថ្លែងថា៖ “គម្រោងនេះពិតជាមានមែន ហើយដីទំហំ ៥ ហិកតា បានកាត់ទៅក្រសួងសម្រាប់គម្រោងវិនិយោគផ្គត់ផ្គង់ទឹកស្អាត រួចហើយ។ ប៉ុន្តែមិនទាន់មានការវិនិយោគលើគម្រោងនេះនៅលើទេ។”
លោកបន្ថែមថា កន្លងមកមានក្រុមហ៊ុនមកពីប្រទេសចិន ធ្លាប់បានបង្ហាញការចាប់អារម្មណ៍ចំពោះគម្រោងវិនិយោគផ្គត់ផ្គង់ទឹកស្អាត នៅលើគម្រោងនេះ ប៉ុន្តែដោយសារវិបត្តិកូវីដ ធ្វើឲ្យគម្រោងស្នើដោយក្រុមហ៊ុនចិន បានផ្អាកបណ្តោះអាសន្នទៅវិញ។
ទាក់ទងនឹងការបង្កើនផ្គត់ផ្គង់ទឹកស្អាតនេះ លោក ភូ លិ បញ្ជាក់ថា៖ “នៅក្នុងខេត្ត ការផ្គត់ផ្គង់ទឹកមិនទាន់មានការខ្វះខាតនៅឡើយទេ ប៉ុន្តែការវិនិយោគគម្រោងផ្គត់ផ្គង់ទឹកស្អាត ជាការគិតគូររបស់រដ្ឋបាលខេត្តដល់ប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរ ប្រើប្រាស់ នៅពេលមានតម្រូវការកើនឡើងខ្លាំង ព្រោះខេត្តកំពត គឺជាទិសដៅទេសចរណ៍មាត់សមុទ្រដ៏ទាក់ទាញមួយ”៕

