អភិបាលខេត្តក្រចេះ ប្ដេជ្ញាបន្តស្ដារហេដ្ឋារចនាសម្ព័ន្ធខេត្តបន្ថែមក្រោយអនុម័ត ៧៩ គម្រោង
អភិបាលខេត្តក្រចេះ ឯកឧត្តម វ៉ា ថន បានប្ដេជ្ញានឹងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធខេត្តបន្ថែមទៀត ហើយបានបញ្ជាក់ថា មកទល់បច្ចុប្បន្ន ខេត្តក្រចេះទទួលគម្រោងវិនិយោគទុនក្នុងវិស័យសំណង់សរុប ៧៩ គម្រោង ឬស្មើនឹងទឹកប្រាក់ប្រមាណជាង ៤ លានដុល្លារអាមេរិក។ នេះបើយោងតាមការថ្លែងការរបស់ឯកឧត្តម ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តក្រចេះ កាលពីម្សិលមិញនេះ។
ឯកឧត្តម បានមានប្រសាសន៍ថា៖ «អំពីការងារសំណង់ យើងបានចេញលិខិតឲ្យសាងសង់ ៧៩ គម្រោង ក្នុងស្រុកមាន ៦៧ គម្រោង មានផ្ទៃដី ៩.១៨៨ ម៉ែត្រការ៉េ ដែលមានទុនសរុប ៣.៨០១.១០០ ដុល្លារអាមេរិក។»
ក្រៅពីគម្រោងខាងលើនេះ ខេត្តក្រចេះ ក៏កំពុងបន្តអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត ដោយបច្ចុប្បន្នរដ្ឋបាលខេត្ត កំពុងសាងសង់ផ្លូវក្រាលកៅស៊ូប្រវែង ២២,៨៧គីឡូម៉ែត្រ ផ្លូវក្រាលបេតុងប្រវែង ៣១៧ម៉ែត្រ លូមូល ជ្រុង ប្រវែង ៤,៥៧គីឡូម៉ែត្រ និងថែទាំផ្លូវថ្នល់ជាប្រចាំ ៣៩ខ្សែ ប្រវែង៨១០គីឡូម៉ែត្រ។
គួរបញ្ជាក់ផងដែរថា ខេត្តក្រចេះចាត់ទុកថាជាខេត្តសក្ដានុពលមួយ ដែលមានការរីកចម្រើនឥតឈប់ឈរពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធ។ មកទល់បច្ចុប្បន្ន ខេត្តនេះមានហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តសរុបប្រវែងជិត ១ពាន់គីឡូម៉ែត្ ក្នុងនោះផ្លូវកម្រាលកៅស៊ូប្រវែងជិត ៤០០ គីឡូម៉ែត្រ ផ្លូវក្រួសក្រហមប្រវែងជាង ៥០០ គីឡូម៉ែត្រ និងស្ពានចំនួន ១០៩ កន្លែងឬ ស្មើនឹងប្រមាណ ៥ ម៉ែត្រ។
លើសពីនេះ កាលពីដើមខែមិថុនាកន្លងទៅ រដ្ឋាភិបាលទើបតែបញ្ជាប់ការសិក្សាគម្រោងស្ពានឆ្លងទន្លេមេគង្គនៅខេត្តក្រចេះប្រវែង ១.៧៦១ ម៉ែត្រ និងត្រៀមស្នើសុំជំនួយពីរដ្ឋាភិបាលចិន ដើម្បីសាងសង់ក្នុងពេលឆាប់នេះ។ (អានបន្ថែម)

