សាលាក្រុងកំពុងកែប្រែប្រព័ន្ធចរាចរណ៍ ត្រង់ស្តុបច្រមុះជ្រូកក្បាលថ្នល់ និងស្តុបវត្តនាគវ័ន្ត

រដ្ឋបាលរាជធានីភ្នំពេញ កំពុងកែសម្រួលប្រព័ន្ធចរាចរណ៍ត្រង់ចំណុចប្រសព្វដែលកកស្ទះខ្លាំងចំនួន ២ គឺ ចំណុចច្រមុះជ្រូកសូគីម៉ិចក្បាលថ្នល់ និង ចំណុចវត្តនាគវ័ន្ត ដោយនឹងមានការពង្រីកផ្លូវ សាងសង់ផ្លូវថ្មី និងកែលម្អប្រព័ន្ធភ្លើងស្ដុបផងដែរ។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ។

ចំណុចទី១ ឬ ច្រមុះជ្រូកស្ថានីយ៍ប្រេងសូគីម៉ិចក្បាលថ្នល់ ជាចំណុចប្រសព្វផ្លូវ ២៧១ ផ្លូវមុនីវង្ស និងមហាវិថីសម្ដេច ហ៊ុន សែន។ ត្រង់ចំណុចនេះ ក្រុមការងារនឹងសាងសង់ផ្លូវថ្មី ២ ខ្សែ ដោយខ្សែទី ១ ភ្ជាប់ពីមហាវិថីព្រះមុនីវង្ស ឆ្ពោះទៅមហាវិថីសម្តេចហ៊ុន សែន និងខ្សែទី ២ សម្រាប់ទិសចរាចរណ៍បត់ស្តាំ ភ្ជាប់ពីមហាវិថីព្រះមុនី្នវង្ស ឆ្ពោះទៅផ្លូវលេខ ២៧១។

ទន្ទឹងនឹងនេះ ក្រុមការងារក៏នឹងពង្រីកទទឹងផ្លូវមុនី្នវង្ស និងផ្លូវ ២៧១ ៣ម៉ែត្រ សងខាង ពោលគឺពី ២គន្លង ទៅ ៣គន្លង។ លើសពីនេះ ក៏នឹងមានការកែលម្អប្រព័ន្ធភ្លើងស្ដុបចរាចរណ៍ថ្មី ដែលនឹងអនុញ្ញាតឲ្យប្រជាជនធ្វើដំណើរពីស្ពានព្រះមុនី្នវង្សចាស់ ឆ្ពោះទៅត្រង់នៃមហាវិថីព្រះមុនីវង្ស ដោយរលូនមិនចាំបាច់ឈប់ស្តុបឡើយ។

ដោយឡែកចំពោះចំណុចទី ២ គឺស្តុបវត្តនាគវ័ន្ត ដោយក្រុមការងារនៅតែបើកផ្លូវ២២១ ឡើងវិញ ដោយអាចទៅត្រង់កាត់ផ្លូវហព័ន្ធរុស្ស៊ីចូលទៅវត្តនាគវ័ន្តបាន តែមិនអនុញ្ញាតិឲ្យបត់ឆ្វេងបានឡើយ។

- Video Advertisement -