ក្រុមហ៊ុនកាស៊ីណូយក្ស Naga Corp គ្រោងអភិវឌ្ឍរីស៊តចម្រុះនៅខេត្តសៀមរាប និងសីហនុ
ក្រុមហ៊ុន NagaCorp គ្រោងនឹងអភិវឌ្ឍរីស៊តចម្រុះ (Integrated Resort) នៅខេត្តសៀមរាប និងសីហនុ ក្នុងគោលបំណងដើម្បីពង្រីកវិសាលភាពរបស់ខ្លូន និងបង្កើតចំណូលថ្មីដែលមិនផ្ដោតលើការលេងល្បែង។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន NagaCorp កាលពីពេលថ្មីៗនេះ។
ប្រភពដដែលបានឱ្យដឹងថា ក្រុមហ៊ុន NagaCorp កំពុងព្យាយាមស្វែងរកប្រភពចំណូលបន្ថែមក្រៅពីការបើកកាស៊ីណូ ដែលការវិនិយោគលើរីស៊តចម្រុះនឹងផ្ដល់ផលប្រយោជន៍ទៅវិញទៅមករវាងក្រុមហ៊ុន និងខេត្តទាំងពីរនេះ។
បើទោះបីជាមានវិបត្តិកូវីដ ១៩ យ៉ាងណាក្ដី កំណើនអាជីវកម្មរបស់ក្រុមហ៊ុនកាស៊ីណូយក្សមួយនេះ នៅតែបន្តឥតឈប់ឈរ ក្រោយបើកទ្វារឡើងវិញកាលពីថ្ងៃទី ៨ កក្កដា កន្លងមកនេះ។ ក្នុងរយៈពេល ៦ខែ ដំបូងនៃឆ្នាំ ២០២០ ក្រុមហ៊ុនមានចំណូលបានប្រមាណ ៣៧២ លានដុល្លារ (កើនឡើង១៥%) ពីផ្នែកកាស៊ីណូ ហើយប្រាក់ចំណេញសុទ្ធមានរហូតដល់ទៅប្រមាណ ២០,៦ លានដុល្លារអាមេរិក។
ជាមួយគ្នានេះដែរ វិបត្តិកូវីដ ១៩ ក៏មិនបានប៉ះពាល់ដល់ការអភិវឌ្ឍគម្រោង Naga ទី៣ នោះទេ។ គម្រោងនៅតែបន្តដំណើរការតាមការគ្រោងទុក ដោយរំពឹងថានឹងបញ្ចប់ក្នុងឆ្នាំ ២០២៥។
ប្រភពដដែលបានឱ្យដឹងថា បើរួមគម្រោង NagaWorld ទាំង ៣ រួមបញ្ចូលគ្នា ក្រុមហ៊ុននឹងមានបន្ទប់សណ្ឋាគារសរុបប្រមាណ ៥០០០បន្ទប់ ទូល្បែងប្រមាណ ១៣០០ទូ និងទូល្បែងអេឡិចត្រូនិកប្រមាណ ៤៥០០ទូ។

