សម្ដេច ហ៊ុន សែន បង្កើតគណៈកម្មការអន្ដរក្រសួងជំរុញការអនុវត្តគម្រោងផ្លូវ ៣៨ខ្សែ នៅសៀមរាប
សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានសម្រេចបង្កើតគណៈកម្មការអន្ដរក្រសួងថ្មី ដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន៣៨ខ្សែ នៅខេត្តសៀមរាប។
យោងតាមសេចក្ដីសម្រេចចុះថ្ងៃទី ៨ ខែកញ្ញា គណៈកម្មការនឹងដឹកនាំដោយ សម្ដេចឧបនាយករដ្ឋមន្ដ្រីទៀ បាញ់ អមដោយអនុប្រធានម្នាក់ អនុប្រធានអចិន្ដ្រៃយ៍ម្នាក់ និងសមាជិក១៥រូប។
គណៈកម្មការ មានភារកិច្ច ដឹកនាំ គ្រប់គ្រង និងសម្របសម្រួល លើការងារជារួម ក៏ដូចជាចុះត្រួតពិនិត្យ សិក្សាហេដ្ឋរចនាសម្ព័ន្ធដែលពាក់ព័ន្ធផ្សេងៗ។
ជាមួយគ្នានេះដែរ កាលពីទី៩ ខែកញ្ញា ឆ្នាំ២០២០ សម្តេចឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក៏បានដឹកនាំកិច្ចប្រជុំជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងស្ថាប័នពាក់ព័ន្ធ ដើម្បីពិភាក្សាលើដំណើរការគម្រោងនេះផងដែរ។
លើសពី ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់កាលពីថ្ងៃទី ៧ កញ្ញា នេះ ក៏បានបង្កើតក្រុមការងារបច្ចេកទេសដែលមានសមាជិកសរុប ១៥ រូប ដើម្បីជំរុញការអនុវត្តគម្រោងនេះផងដែរ។
ក្រុមការងារបច្ចេកទេស មានភារកិច្ចចុះត្រួតពិនិត្យ សិក្សាហេដ្ឋរចនាសម្ព័ន្ធ រៀបចំគម្រោងប្លង់ស្ថាបត្យកម្ម រៀបចំបញ្ជីប៉ាន់ស្មានតម្លៃ គាំទ្របច្ចេកអនុវត្តគម្រោង ធ្វើរបាយការណ៍ និងភារកិច្ចផ្សេងៗទៀតដែលចាំបាច់។
គួរបញ្ជាក់ផងដែរថា ផ្លូវមេចំនួន ៣៨ខ្សែ លាតសន្ធឹងក្នុងសង្កាត់ចំនួន ១២ នៃក្រុងសៀមរាប និងមួយផ្នែកនៃស្រុកប្រាសាទបាគង និងជាបណ្ដុំបណ្ដាញផ្លូវមេក្នុងក្រុងសៀមរាប យ៉ាងប្រទាក់ក្រឡា សម្រាប់សម្រួលដល់ការធ្វើដំណើរ និងកាត់បន្ថយការកកស្ទះចរាចរណ៍។
ផ្លូវចំនួន ៣៨ខ្សែនេះ មានប្រវែងសរុបប្រមាណ ៩៨,៣៤គ.ម និងត្រូវចំណាយថវិការប្រមាណ ១៥០លានដុល្លារអាមេរិក ដែលសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទើបតែអនុម័តកញ្ចប់ថវិកាកាលពីថ្ងៃទី ៤ កញ្ញានេះ។ (អានបន្ថែម)

