កម្ពុជានឹងមានរោងចក្រផលិតបេតុងកៅស៊ូសម្រាប់យកធ្វើផ្លូវជាលើកដំបូងបង្អស់ក្នុងឆ្នាំនេះ
ប្រទេសកម្ពុជា នឹងមានរោងចក្រផលិតបេតុងកៅស៊ូអាស្វាល់ ឬ Asphalt Concrete សម្រាប់យកធ្វើផ្លូវដោយខ្លួនឯងជាលើកដំបូងបង្អស់ ក្នុងឆ្នាំនេះ ខណៈក្រសួងសាធារណការ និងដឹកជញ្ជូន ទើបតែចុះពិនិត្យទីតាំងផ្ទាល់នៅឯព្រំប្រទល់ខេត្តកំពត-ខេត្តកែប កាលព្រឹកមិញនេះ។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ ក្នុងកិច្ចចុះពិនិត្យទីតាំងថា៖ «យើងមិនដែលមានរោងចក្រផលិតបេតុងកៅស៊ូខ្លួនយើងទេ នេះជាលើកដំបូង។ ហើយរោងចក្រនេះនឹងមានសមត្ថភាពផលិតបេតុងកៅស៊ូបាន ១២០ តោនក្នុង១ម៉ោង សម្រាប់យកមកធ្វើផ្លូវ ដោយប្រើវត្ថុធាតុដើមដូចជា ថ្ម ខ្សាច់ និងកៅស៊ូ»។
«ចំពោះគ្រឿងចក្រ យើងសុំពីក្រុមហ៊ុនសៀងហៃឱ្យជួយផ្ញើមកឱ្យយើង តម្លៃសរុបប្រមាណ ១,១ លានដុល្លារ ប៉ុន្តែការងារសាងសង់ផ្សេងៗ យើងត្រូវធ្វើខ្លួនឯង ដែលមិនទាន់បាន់ប្រមាណបានថានឹងចំណាយប៉ុន្មានទេ»។
បើយោងតាមឯកឧត្តម បច្ចុប្បន្នក្រុមការងារកំពុងចាក់គ្រឹះ ហើយនៅរយៈពល ៣ ខែក្រោយ នឹងអាចតម្លើងគ្រឿងចក្របាន។
ការដាក់រោងចក្រនៅទីតាំងកំពត-កែប គឺដោយសារ នៅពេលដ៏ខ្លីខាងមុននេះ រដ្ឋាភិបាលនឹងចាប់ផ្ដើមស្ដារផ្លូវជាតិលេខ ៣១ លេខ ៣៣ និងលេខ ៤១ ដូច្នេះទីតាំងនេះគឺសាកសម្យបំផុត។ លើសពីនេះ នៅឆ្នាំក្រោយ ក្រសួងក៏គ្រោងនឹងបង្កើតរោងចក្រមួយទៀតនឹងបាត់ដំបងផងដែរ។
ឯកឧត្តម ស៊ុន ចាន់ថុល បានបន្តថា៖ «ការមានរោងចក្រផលិតបេតុងកៅស៊ូខ្លួនឯងដូច្នេះ នឹងជួយឱ្យយើងមិនចាំបាច់ទិញពីគេច្រើនដូចមុន ដែលអាចនឹងមានបញ្ហាយឺតយ៉ាវនៅពេលគេមិនមានរបស់លក់ឱ្យយើង»។
«រោងចក្រនេះទៀតសោតនឹងគ្រប់គ្រងដោយក្រសួងផ្ទាល់ ដោយផលិតផល ក្រសួងនឹងប្រើសម្រាប់ធ្វើផ្លូវដោយខ្លួនឯងផង ហើយសេសសល់នឹងលក់ទៅឱ្យឯកជនផង»។
ឯកឧត្តម ស៊ុន ចាន់ថុល សង្ឃឹមថាការមានរោងចក្រខ្លួនឯងនេះនឹងជួយធ្វើឱ្យការងារធ្វើផ្លូវលឿន ងាយស្រួល និងសន្សំសំចៃថវិកាជាងមុន។ បច្ចុប្បន្នកម្ពុជាមានផ្លូវជាច្រើនដែលជាផ្លូវ DBST ហើយផ្លូវលើកកម្រិតមកជា AC។

