ហេតុផលធំៗ ទាំង ៥ ចំនុច ដែលធ្វើឱ្យរដ្ឋកំណត់យកខេត្តមណ្ឌលគិរីជាប៉ូលសេដ្ឋកិច្ចទី៤

រដ្ឋាភិបាលកម្ពុជា ទើបតែបានសម្រេចអនុម័តឱ្យប្រើប្រាស់ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរីសម្រាប់ឆ្នាំ២០២១-២០៣៥។ តាមរយៈចក្ខុវិស័យក្នុងផែនការមេនេះ នឹងជំរុញវិស័យទេសចរណ៍ខេត្តមណ្ឌលគិរីក្លាយជាប៉ូលសេដ្ឋកិច្ចទី៤ នាពេលដ៏ខ្លីខាងមុខ។

តើមានភាពចាំបាច់អ្វីខ្លះ ទើបរដ្ឋបង្កើត និងដាក់ផែនការមេ កំណត់យកខេត្តមណ្ឌលគិរីជាប៉ូលសេដ្ឋកិច្ចទី៤? បើយោងតាមប្រកាសរបស់ក្រសួងទេសចរណ៍ ខាងក្រោមនេះ គឺជាហេតុផលសំខាន់ៗទាំង៥ ចំណុច៖

ចំណុចទី១៖ ការសិក្សាបង្ហាញថាខេត្តមណ្ឌលគិរីមានឱកាសខ្ពស់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ សឱ្យឃើញតាមកំណើនភ្ញៀវទេសចរ និងសកម្មភាពវិនិយោគជារៀងរាល់ឆ្នាំគួរឱ្យកត់សម្គាល់។

ចំណុចទី២៖ ខេត្តមណ្ឌលគិរី មានភាពចម្រុះ ទាំងធនធានទេសចរណ៍ធម្មជាតិ និងវប្បធម៌ជនជាតិ ដែលជាឱកាសវិនិយោគបានច្រើនវិស័យ។

ចំណុចទី៣៖ ខេត្តនេះមានហេដ្ឋរចនាសម្ព័ន្ធខ្វាត់ខ្វែងស្រាប់ ព្រមនឹងផែនការរបស់រដ្ឋដែលចង់បន្ថែមហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ទៅគោលដៅទេសចរណ៍សំខាន់ៗផ្សេងៗទៀត រួមមាន ការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី និងការគ្រប់គ្រងសំណល់ ជាដើម។

ចំណុចទី៤៖ ការគ្រប់គ្រងដីធ្លី និងការបែងចែកតំបន់អភិរក្ស នៅមិនទាន់ច្បាស់លាស់។ ដូច្នេះ រដ្ឋត្រូវតែបង្កើតផែនការមេ ដើម្បីយកមកជួយកំណត់ព្រំប្រទល់ឱ្យច្បាស់លាស់ ទិសដៅអភិវឌ្ឍប្រកបដោយនិរន្តរភាព។

ចំណុចទី៥៖ ការសិក្សាបង្ហាញថា ខេត្តនេះទៅអនាគតនឹងទាក់ទាញទេសចរជាង ២លាននាក់ ក្នុង១ ឆ្នាំៗ ដោយនឹងជួយបង្កើតការងារប្រមាណ៨ ម៉ឺនកន្លែង និងបង្កើតចំណូលដោយផ្ទាល់ប្រមាណ ៥០០លានដុល្លារ និងដោយប្រយោលប្រមាណ ១,០០០ លានដុល្លារ។ ដូច្នេះត្រូវតែមានផែនការគ្រប់គ្រងច្បាស់លាស់។

ក្រៅហេតុផលទាំង ៥ នេះ រដ្ឋាភិបាលក៏បានកំណត់គោលការណ៍ជាច្រើនដើម្បីធ្វើឱ្យផែនការមេនេះសម្រេចបានជោគជ័យ រួមមានការដាក់ចេញនូវយុទ្ធសាស្រ្តអាទិភាព ៦ ដូចជាការកំណត់តំបន់ទេសចរណ៍ អភិវឌ្ឍផលិតផលទេសចរណ៍ ពង្រឹងគុណភាពធនធានមនុស្ស ផ្សព្វផ្សាយនិងពង្រឹងរូបភាពវិស័យទេសចរណ៍ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអន្តរវិស័យ និងសម្រួលការធ្វើដំណើរ។

ក្នុងការអភិវឌ្ឍនេះ រដ្ឋាភិបាលក៏នឹងយកចិត្តទុកដាក់លើកត្តាបម្រែបម្រួលធម្មជាតិជាសាកលលោក និងតំបន់ផងដែរ ពោលគឺធ្វើយ៉ាងណាជំរុញការអភិវឌ្ឍបៃតង។

ចុងក្រោយ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្ត រដ្ឋាភិបាលក៏បានដាក់ចេញនូវយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ រៀងរាល់៥ឆ្នាំម្តង។

- Video Advertisement -