ចិននឹងចាប់ផ្ដើមសាងសងរថភ្លើងល្បឿនលឿនជាងយន្តហោះខ្សែដំបូងលើលោកឆាប់ៗ នេះ

ចិននឹងចាប់ផ្ដើមសង់ខ្សែសាកល្បងនៃរថភ្លើងល្បឿនលឿន ៨០០គីឡូម៉ែត្រក្នុងមួយម៉ោង នៅខេត្ត Shanxi ភាគខាងជើងនៃប្រទេសឆាប់ៗនេះ ដែលក្រោយសង់រួចរថភ្លើងនេះនឹងក្លាយរថភ្លើងល្បឿនលឿនជាងគេបំផុតនៅលើដីក្នុងពិភពលោក។ នេះបើយោងតាមសារព័ត៌មាន Global Times ចុះផ្សាយកាលពីថ្ងៃទី១៥ ខែសីហា។

ខ្សែសាកល្បង គឺជាផ្នែកមួយនៃការងារមន្ទីរពិសោធន៍សម្រាប់គម្រោងរថភ្លើងល្បឿនលឿនដោយការប្រើកម្លាំងម៉ាញ៉េទិច ដែលអាចឱ្យរថភ្លើងរត់បានលឿនជាងយន្តហោះក្នុងល្បឿនផ្ទាល់ដី ប្រមាណ ៨០០ ទៅ ១០០០ គីឡូម៉ែត្រក្នុងមួយម៉ោង។

ដំណាក់កាលដំបូងនៃគម្រោងនេះនឹងធ្វើការសាកល្បងនៅលើផ្លូវដែកប្រវែង ២គីឡូម៉ែត្រ ដែលគ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២២។ ការដំឡើងឧបករណ៍សាកល្បង នឹងចាប់ផ្តើមនៅខែកក្កដា ឆ្នាំ២០២២។ ផ្លូវដែកសាកល្បងប្រវែង ១៥គីឡូម៉ែត្រមួយទៀត នឹងត្រូវសាងសង់ក្នុងរយៈពេល ២ឆ្នាំក្រោយ។

គួរបញ្ជាក់ផងដែរថា រថភ្លើង Magnetic Levitation ឬ Maglev គឺជាប្រព័ន្ធរថភ្លើងដែលប្រើកម្លាំងអេឡិចត្រូម៉ាញ៉េទិច ដើម្បីឱ្យខ្សែរថភ្លើងអណ្ដែតផុតពីផ្លូវរថភ្លើងបន្ដិច ដែលធ្វើឱ្យរថភ្លើងនេះមានល្បឿនដល់ទៅ ១០០០ គីឡូម៉ែត្រក្នុងមួយម៉ោង។

ឬនិយាយឱ្យងាយយល់ រថភ្លើងនេះគឺហាក់ដូចជាហោះតាមគន្លងផ្លូវរថភ្លើង មិនមែនរត់លើផ្លូវនោះទេ។

គិតត្រឹមឆ្នាំ ២០២០ ប្រទេសចិនមានបណ្តាញផ្លូវដែកល្បឿនលឿនធំបំផុតក្នុងពិភពលោក ដែលគ្របដណ្តប់ ៣៨០០០ គីឡូម៉ែត្រ តភ្ជាប់ ៩៥% នៃទីក្រុងសរុបក្នុងប្រទេសចិន។

ហើយបច្ចេកវិទ្យា Maglev បានគូសបញ្ជាក់ពីភាពឈានមុខគេនៃប្រទេសចិនក្នុងពិភពលោកទាក់ទិននឹងការផលិតផ្លូវដែកល្បឿនលឿន។

- Video Advertisement -