អូស្ត្រាលីផ្តល់ជំនួយស្តារសេដ្ឋកិច្ចដល់កម្ពុជា ៦៤លានដុល្លារ សម្រាប់រយៈពេល ៥ឆ្នាំ

រដ្ឋាភិបាលអូស្ត្រាលីសម្រេចផ្តល់ជំនួយ ៩០លានដុល្លារអូស្ត្រាលី (ឬស្មើនឹងជាង ៦៤លានដុល្លារអាមេរិក) និងជំនួយបច្ចេកទេសមួយចំនួនទៀត ដល់កម្ពុជា ដើម្បីយកអភិវឌ្ឍវិស័យអាទិភាពសំខាន់ៗក្នុងរយៈពេល ៥ឆ្នាំបន្ទាប់ ពិសសដើម្បីស្តារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩។

នេះបើយោងតាមជំនួបរវាងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម PABLO KANG ឯកអគ្គរាជទូតនៃប្រទេសអូស្រ្ដាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៨ ខែសីហា។

ទឹកប្រាក់នេះ នឹងត្រូវប្រើប្រាស់ក្នុងគម្រោងនានាដូចជាគំនិតផ្តួចផ្តើមភាពជាដៃគូមេគង្គ-អូស្ត្រាលី មជ្ឈមណ្ឌលមេគង្គ-អូស្ត្រាលីសម្រាប់ទឹក និងធារាសាស្ត្រ ភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ (P4I) និងការវិនិយោគកសិចំណីអាហារជាដើម។

លើសពីនេះ មួយផ្នែកទៀតនៃថវិកាជំនួយ ក៏នឹងត្រូវប្រើប្រាស់ទៅលើការសិក្សាបង្កើតសួនកសិ-ឧស្សាហកម្ម ផងដែរ។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានឱ្យដឹងថា ជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសនេះ នឹងរួមចំណែកស្តារសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិកូវីដ-១៩ និងគំាទ្រវិស័យអាទិភាពជាច្រើន ដែលរងផលប៉ះពាល់ខ្លាំងពីវិបត្តិនេះ។

- Video Advertisement -