ជប៉ុនផ្តល់ជំនួយឥតសំណងជិត ៣០ម៉ឺនដុល្លារ សង់អគារសិក្សានិងប្រព័ន្ធទឹកក្នុងខេត្ត ៣
រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ជំនួយឥតសំណងជាង ២៨ម៉ឺនដុល្លារ ដល់ខេត្តស្ទឹងត្រែង រតនគីរី និងកំពង់ស្ពឺ ដើម្បីសាងសង់អគារសិក្សា និងស្តារប្រព័ន្ធធារាសាស្ត្រ។
យោងតាមសេចក្តីប្រកាសព័ត៌មានស្ថានទូតជប៉ុនប្រចាំកម្ពុជា ថវិកាទាំងនេះ គឺស្ថិតនៅក្រោមជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ)។
កិច្ចសន្យានេះ ត្រូវបានចុះហត្ថលេខាដោយលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំកម្ពុជា និងអ្នកតំណាងអង្គភាពទទួលជំនួយទំាង៣ កាលពីថ្ងៃទី ២០ ធ្នូ ឆ្នាំ២០២១។
គម្រោងទី១ គឺសាងសង់អគារសិក្សានៅអនុវិទ្យាល័យអូរយ៉ាដាវ ក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ក្នុងទំហំទឹកប្រាក់ ៩៨.៣១៧ ដុល្លារ។
សម្រាប់ថវិកាចំនួន ៩១.៥៦៦ដុល្លារ ទៀត ជប៉ុនបានផ្តល់ឱ្យមន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្ទឹងត្រែង ដើម្បីសង់អគារសិក្សានៅសាលាបឋមសិក្សាអូរឫស្សីលើ១ និងអូរឫស្សីលើ២ នៅក្នុងស្រុកសៀមបូក។
ដោយឡែកថវិកា ៩០.៤៩៥ដុល្លារទៀត ជប៉ុនបានផ្តល់ឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ សម្រាប់ស្តារឡើងវិញនូវទំនប់ទឹកចាស់មួយដែលមានស្រាប់ និងលូប្រអប់ចំនួន ២កន្លែង នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានបញ្ជាក់ថា ចាប់តាំងពីឆ្នំា១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៦៤លានដុល្លារ ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិ ចំនួន៦៥១គម្រោង នៅទូទាំងប្រទេសកម្ពុជា៕

