សភាពាណិជ្ជកម្មអន្តរជាតិនឹងជួយកម្ពុជាធ្វើទំនើបកម្មវិស័យសាធារណការ និងដឹកជញ្ជូន
ក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក Paul Clements ប្រធានសភាពាណិជ្ជកម្មអន្តរជាតិប្រចាំកម្ពុជា IBC កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ បានប្រជុំពិភាក្សាពីលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យា Telegram Bot ដើម្បីធ្វើឱ្យប្រសើរឡើងវិស័យសាធារណការ និងដឹកជញ្ជូនកម្ពុជា។
លោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ បានឱ្យដឹងថា កិច្ចពិភាក្សានេះបានផ្តោតលើលំហូរ និងតម្រូវការការងារ ជាយន្តការផ្នែកយន្តការបច្ចេកវិទ្យា។
ភាគីទាំង២ បានឯកភាពគ្នា ក្នុងការសិក្សាកម្រិតបច្ចេកទេសឱ្យកាន់តែស៊ីជម្រៅ ដើម្បីមានមូលដ្ឋានរៀបចំប្រព័ន្ធដែលភ្ជាប់បច្ចេកវិទ្យា Telegram Bot នេះឱ្យដំណើការផ្តល់ជាផលប្រយោជន៍ជូនប្រជាពលរដ្ឋលរដ្ឋ និងសម្រួលការងារមន្ត្រីពាក់ព័ន្ធ។
គំនិតផ្តួចផ្តើមនេះ នឹងជួយឱ្យមន្រ្តីទាក់ទងការងារបានរហ័ស និងផលិតរបាយការណ៍ការងារដោយស្វ័យប្រវត្តិ ក្នុងTelegram ដែលកំពុងត្រូវបានប្រើប្រាស់ យ៉ាងទូលំទូលាយ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ កម្មវិធី Telegram មានអ្នកប្រើប្រាស់ប្រមាណ ៥៥០លាននាក់ (របាយការណ៍ Data Reportal គិតត្រឹមខែតុលា ២០២១)។ Telegram ក៏ជាប់ចំណាត់ថ្នាក់លេខ១ នៅកម្ពុជា នេះបើយោងតាមរបាយការណ៍ របស់ Similar Web គិតត្រឹមថ្ងៃទី ១២ មករា ២០២២។
ដោយឡែក Telegram Bot គឺជាគណនី ឆ្លាតវៃ និងស្វ័យប្រវត្តិ ដែលប្រើប្រាស់បច្ចេកវិទ្យា AI (Artificial Intelligent) ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង ឆ្លើយឆ្លងលឿនរហ័ស ជាមួយអ្នកប្រើប្រាស់ ព្រមទាំងប្រមូល វិភាគ និងចងក្រងព័ត៌មាន នៅក្នុងកម្មវិធីទំនាក់ទំនង Telegram៕

