ក្រសួងប្រកាសឱ្យក្រុមហ៊ុននាវា ចូលរួមវគ្គបណ្តុះបណ្តាលប្រព័ន្ធគ្រប់គ្រងនាវាថ្មី Port EDI
ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសឱ្យក្រុមហ៊ុននាវា ម្ចាស់នាវា និងក្រុមហ៊ុនភ្នាក់ងារនាវាទាំងអស់ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីរបៀបប្រើប្រាស់ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិចនៅកំពង់ផែថ្មី (Port EDI)។
បើយោងតាតាមសេចក្តីជូនរបស់ក្រសួងកាលពីថ្ងៃទី៤ ខែមីនា វគ្គបណ្ដុះបណ្ដាល នឹងធ្វើឡើងដោយក្រុមអ្នកជំនាញ ទិសដៅដើម្បីឱ្យភាគីឯកជនពាកព័ន្ធសម្របខ្លួន និងចេះប្រើប្រាស់បែបបទគ្រប់គ្រងនាវាបែបថ្មី និងទំនើបជាងមុន។
ក្រុមហ៊ុន អាចចុះឈ្មោះចូលរួមវគ្គបណ្តុះបណ្តាលនេះបានត្រឹម ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ នេះ។
បើតាមផែនការ ក្រោយការតេស្ដសាកល្បង និងវគ្គបណ្ដុះបណ្ដាលបញ្ចប់ ប្រព័ន្ធនេះនឹងដាក់ឱ្យដំណើរការជាផ្លូវការ នាចុងឆ្នាំ ២០២២ ខាងមុខនេះ។
គួរបញ្ជាក់ថា ប្រព័ន្ធ Port EDI គឺជាការធ្វើទំនើបកម្មទ្រង់ទ្រាយធំលើការត្រួតពិនិត្យនាវាចរណ៍ចេញ-ចូលនៅកម្ពុជា ដោយប្តូរការធ្វើការដោយដៃ មកធ្វើការលើប្រព័ន្ធអនឡាញវិញ។
បច្ចុប្បន្ន រាល់ការធ្វើបែបបទនាវាចរណ៍ ចេញ-ចូល គឺត្រូវចំណាយពេលរង់ចាំយូរ មានការលំបាក និងនីតិវិធីស្មុគស្មាញ។ ប៉ុន្តែនៅពេលប្រព័ន្ធ Port EDI នេះដំណើរការ វានឹងជួយសម្រួលដល់ការធ្វើបែបបទឱ្យងាយស្រួលជាងមុន ចំណេញពេលវេលា មានប្រសិទ្ធភាព និងតម្លាភាពផងដែរ៕ (អានបន្ថែម)

