វិនិយោគិនម៉ាឡេស៊ីជាង ២០ ក្រុមហ៊ុន ចង់ឈានជើងចូលប្រឡូកក្នុងទីផ្សារសំណង់កម្ពុជា

វិនិយោគិនម៉ាឡេស៊ីជាង ២០ ក្រុមហ៊ុន ដែលដឹកនាំដោយសមាគម SME ម៉ាឡេស៊ី កាលពីថ្ងៃសុក្រទី ២៩ មេសា កន្លងទៅ បានធ្វើទស្សនកិច្ចជាផ្លូវការនៅសមាគមអ្នកសាងសង់កម្ពុជា ដើម្បីពិភាក្សាអំពីឱកាសវិនិយោគ និងការចាប់ដៃគូអាជីវកម្មជាមួយក្រុមហ៊ុនក្នុងស្រុក ក្នុងវិស័យសំណង់នៅកម្ពុជា។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា និងប្រធានសភាធុរកិច្ចម៉ាឡេស៊ីនៃកម្ពុជា លោកឧកញ៉ា Tan Khee Meng។

ក្នុងកិច្ចប្រជុំ ក្រុមហ៊ុនម៉ាឡេស៊ី ដែលមានដូចជា ក្រុមហ៊ុនសំណង់ វិស្វកម្ម ដឹកជញ្ជូន សម្ភារៈសំណង់ ម៉ាស៊ីនត្រជាក់ សេវាការពារអគ្គីភ័យ សេវាវិស្វកម្មអគ្គិសនី និងសេវាប្រព័ន្ធទឹក ជាដើម បានបង្ហាញ ចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការនាំចូលផលិតផល និងសេវារបស់ពួកគេមកកាន់ទីផ្សារកម្ពុជា។

ជាការឆ្លើយតប អ្នកឧកញ៉ា ពុង ឃាវសែ បានស្វាគមន៍ និងប្ដេជ្ញានឹងជួយសម្របសម្រួលដល់អ្នកវិនិយោគទាំងអស់ ក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុនក្នុងស្រុក ក៏ដូចជាជួលផ្ដល់យោបល់ក្នុងដំណើរការឈានជើងចូលមកប្រឡូកក្នុងទីផ្សារកម្ពុជា៕

- Video Advertisement -