អូស្ដ្រាលីច្នៃប្រឌិតឥដ្ឋពិសេសធ្វើពីប្រេងឆា ស្អិតជាប់គ្នាស្វ័យប្រវត្តិ មិនបាច់ប្រើស៊ីម៉ង់ត៍

អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Flinders នៃទីក្រុង Adelaide បានបង្កើតឥដ្ឋចេញពីសំណល់ប្រេងឆា ប៉ុន្តែមានសមត្ថភាពពិសេសពោលគឺស្អិតជាប់គ្នាស្វ័យប្រវត្តិ ដោយមិនចាំបាច់ប្រើស៊ីម៉ង់ត៍បាយអ។

យោងតាម GCR ឥដ្ឋនេះ គឺជា polymer ទម្ងន់ស្រាល ប៉ុន្តែជាប់ធន់។ ឥដ្ឋនេះស្អិតជាប់គ្នា ដោយធាតុស្ពាន់ធ័រ និងកាតាលីករគីមីផ្សេង។ ភាពស្អិតដែលកើតចេញពីប្រតិកម្មគីមីនេះ គឺអាចប្រៀបធៀបទៅនឹងកាវវិទ្យាសាស្ដ្រដូច្នោះដែរ។

សាស្ត្រាចារ្យគីមីវិទ្យា Justin Chalker ដែលជាអ្នកដឹកនាំការស្រាវជ្រាវ បានឱ្យដឹងថា ពេលនេះក្រុមការងារកំពុងធ្វើតេស្តឥដ្ឋទាំងនោះដើម្បីកំណត់លក្ខណៈសម្បត្តិរបស់វា និងកំពុងស្វែងរកវិធីធ្វើឱ្យឥដ្ឋនេះអាចប្រើជាក់ស្ដែងក្នុងវិស័យសំណង់បាន។

គម្រោងនេះក៏ស្ថិតក្រោមកិច្ចសហប្រតិបត្តិការជាមួយអ្នកឯកទេសផ្នែកសំណងរបស់សិង្ហបុរី Clean Earth Technologies ផងដែរ។

- Video Advertisement -