ស្វីស និងអង់គ្លេស រួមគ្នាបង្កើតDrone ហោះសាងសង់ និងជួសជុលអគារខ្ពស់ៗស្វ័យប្រវត្តិ
អ្នកស្រាវជ្រាវពីប្រទេសស្វីស និងចក្រភពអង់គ្លេស បានបង្កើតមនុស្សយន្តហោះ ឬDrone ដែលអាចសាងសង់ និងជួសជុលការដ្ឋាន នៅតាមទីតាំងដែលមានហានិភ័យ ដូចជាអគារខ្ពស់ៗជាដើម។
Drone នេះ ហោះហើរ និងសាងសង់អគារបានដោយស្វ័យប្រវត្តិ ប៉ុន្តែត្រូវបានត្រួតពិនិត្យដោយមនុស្សពីចំងាយ ។
មានឈ្មោះថា “BuilDrones” Drone នេះ ត្រូវបានផ្ទុកដោយសម្ភារៈសំណង់ចាំបាច់នានា ក៏ដូចជាបំពាក់ដោយប្រព័ន្ធវាស់វែងទិន្នផលបែបឆ្លាតវៃ ដែលអាចសាងសង់ ឬជួសជុលអគារបានភ្លាមៗ ក្នុងអំឡុងពេលហោះត្រួតពិនិត្យអគារខ្ពស់ៗ។
គួរបញ្ជាក់ថា ក្រុមស្រាវជ្រាវដែលបង្កើត Drone នេះគឺមកពី Imperial College London និង Swiss Federal Laboratories of Materials Science and Technology-EMPA។
អ្នកដឹកនាំការស្រាវជ្រាវ លោកសាស្រ្តាចារ្យ Mirko Kovac បាននិយាយថា Drone នេះត្រូវបានសាកល្បងនៅក្នុងមន្ទីរពិសោធន៍ប៉ុណ្ណោះ ប៉ុន្តែវាអាចអភិវឌ្ឍបន្ថែមដើម្បីប្រើក្នុងវិស័យសំណង់ជាក់ស្ដែងនាពេលអនាគត។

