គួរទិញខុនដូពេលតម្លៃធ្លាក់ដូច្នេះឬទេ? អ្នកជំនាញថា គួរទិញយូនីតធំៗ ទើបចំណេញ។ ហេតុអ្វី?
ដោយសារតម្លៃខុនដូនៅកម្ពុជាបន្តធ្លាក់ចុះ អ្នកវិនិយោគមួយចំនួនកំពុងសម្លឹងចង់បោះទុនរបស់ពួកគេនៅក្នុងវិស័យនេះ ដើម្បីចំណេញទៅអនាគត ពិសេសយូនីតខុនដូធំៗ។
យោងតាមរបាយការណ៍របស់ CBRE ថ្មីៗនេះ យូនីតខុនដូធំៗ កំពុងសិ្ថិតក្នុងការពិចារណារបស់អ្នកវិនិយោគ ជាងបន្ទប់ស្ទូឌីយោ និងបន្ទប់one-bedroom។
មូលហេតុគឺដោយសារតែតម្លៃរបស់ខុនដូខ្នាតធំ ក៏បានធ្លាក់ទាប ស្ទើតែស្មើនឹងយូនីតតូចៗទៅហើយ ខណៈខុនដូធំៗប្រភេទនេះ ក៏នឹងអាចច្នៃទៅជាការិយាល័យ ឬមុខងារផ្សេង លើសពីការស្នាក់អាស្រ័យថែមទៀត ដែលជាកត្តាល្អទាំងសម្រាប់ទាំងការជួលបន្ដ ឬរស់នៅផ្ទាល់។
ទោះជាយ៉ាងណាក្ដី អ្នកវិនិយោគភាគច្រើន នឹងមិនទាន់សម្រេចចិត្ត ដោយសួរខ្លួនឯងថា គួរវិនិយោគពេលនេះ ឬចាំឱ្យតម្លៃនឹងធ្លាក់ចុះបន្ថែមសិន?
នៅក្នុងត្រីមាសទី ៣ តម្លៃលក់នៃខុនដូ ថយចុះ 1.2%, 0.8% និង 1.2% រៀងៗគ្នា សម្រាប់ប្រភេទខ្ពស់ មធ្យម និងតម្លៃសមរម្យ។ ទន្ទឹមនឹងនេះ តម្លៃជួលក៏បានធ្លាក់ចុះ 0.3%, 0.9% និង 2.3% រៀងៗគ្នាផងដែរ ។
ក្នុងត្រីមាសទី ៣ មិនមានការបើកលក់គម្រោងថ្មី ឬបញ្ចប់ការដ្ឋានគម្រោងខុនដូមានស្រាប់ណាមួយឡើយ។
របាយការណ៍ដដែឡបន្ដថា គម្រោងដែលជាប់គាំង មាន900 យូនីត បានបន្ដការដ្ឋានវិញ ប៉ុន្តែនេះជាចំនួនតិចតួចប៉ុណ្ណោះ ហើយការដ្ឋានដែលបន្ដវិញ ក៏ក្នុងល្បឿនយឺតផងដែរ។ ការដ្ឋានសំណង់ធំៗ នឹងប្រឈមនឹងហានិភ័យខ្ពស់នៃការពន្យារពេល។
អ្នកនាង Kim Kin Kesa នាយករងនៃក្រុមហ៊ុន CBRE Cambodia មានប្រសាសន៍ថា គម្រោងខុនដូមានហានិភ័យខ្ពស់នៃការសាងសង់ជាប់គាំងជាងបុរី ដោយសារអ្នកអភិវឌ្ឍន៍ត្រូវតែបញ្ចប់គ្រប់ជាន់ ទោះលក់ដាច់អស់ប៉ុន្មានយូនីតក្ដី។
«សម្រាប់បុរី អ្នកអភិវឌ្ឍន៍អាចសាងសង់បានតែប្លុកដែលបានលក់ ឬលក់បានភាគច្រើន។ឯ អ្នកអភិវឌ្ឍន៍ខុនដូមិនអាចធ្វើដូច្នេះបានទេ។ ដូច្នេះ មុននឹងវិនិយោគលើបុរី គួរពិចារណាគម្រោងណាដែលសំណង់ជិតបញ្ចប់»។
“លើសពីនេះ យូនីតខ្នាងធំ ជាជម្រើសល្អជាងស្ទូឌីយ៉ូ ឬបន្ទប់គេងមួយ។ វិនិយោគិនចាប់អារម្មណ៍លើប្រភេទយូនីតធំៗកាន់តែច្រើន ក្នុងស្ថានភាពនេះ»។
- Video Advertisement -