ការជួសជុលផ្លូវជាតិលេខ ២ និង ២២ សម្រេចបានជាង ២០%ហើយ
ការស្ថាបនាផ្លូវជាតិលេខ ២ និង ២២ ចាប់ពីតាខ្មៅ ដល់អង្គតាសោម មកទល់បច្ចុប្បន្នសម្រេចបានប្រមាណ ២០% ហើយ ដោយគ្រោងនឹងបញ្ចប់ជាស្ថាបពរនៅត្រីមាសទី១ ឆ្នាំ២០២២។ នេះបើយោងតាមលោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។
លោក សុទ្ធាយុត្តិ បានថ្លែងប្រាប់ក្រសួងព័ត៌មានកាលពីថ្មីៗនេះថា ក្រោយបើកការដ្ឋានកាលពីខែកុម្ភៈកន្លងមក ដំណើរការសាងសង់គឺធ្វើឡើងដោយរលូន ទោះបីប្រទេសកំពុងជួបនឹងបញ្ហាកូវីដ ក៏ដូចជាបញ្ហាទឹកជំនន់កាលពីថ្មីៗនេះក្ដី។
គួរបញ្ជាក់ថា ផ្លូវជាតិលេខ ២ និង ២២ ដែលត្រូវស្តារឡើងវិញ គឺមានប្រវែងសរុបជាង ៧២គីឡូម៉ែត្រ។ គម្រោងនេះកំពុងសាងសង់ដោយប្រើប្រាស់ថវិការប្រមាណ ៥៦លានដុល្លារ ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជាផងដែរ។
ផ្លូវទាំង ២ខ្សែនេះ នឹងសាងសង់ជាប្រភេទផ្លូវបេតុងកៅស៊ូអាស្វាល់ (Asphalt Concrete) ហើយបែកចែកជា ៣កំណាត់ផ្លូវធំៗ គឺកំណាត់ទី១ ពីរង្វង់មូលតាខ្មៅ ដល់រង្វង់មូលស្ត្រីបីកួរស្រូវ កំណាត់ទី២ ពីរង្វង់មូលស្រ្តីបីកួរស្រូវ ដល់រង្វង់មូលអូរចំបក់ និងកំណាត់ទី៣ ពីរង្វង់មូលអូរចំបក់ ដល់ផ្សារអង្គតាសោម។ (អានបន្ថែម)

