ទូររថភ្លើងល្បឿនលឿនចិន-ឡាវ មកដល់ទីក្រុងវៀងចន្ទន៍ហើយ គ្រោងបើកប្រើប្រាស់ផ្លូវការចុងឆ្នាំ

រថភ្លើងល្បឿនលឿនដឹកអ្នកដំណើរដំបូងដែលតភ្ជាប់ប្រទេសចិននិងឡាវត្រូវបានបញ្ជូនទៅដល់រដ្ឋធានីវៀងចន្ទន៍នៃប្រទេសឡាវរួចហើយ កាលពីថ្ងៃសៅរ៍កន្លងទៅ ដោយគ្រោងនឹងបើកសាកល្បងឆាប់ៗ ហើយនឹងបើកជាផ្លូវការនៅថ្ងៃទី ២ ខែធ្នូ ខាងមុខ ដែលជាទិវាជាតិនៃប្រទេសឡាវ។

បើយោងតាមសារព័ត៌មាន CGTN រថភ្លើងនេះគឺជាប្រភេទអេឡិចត្រូនិកពហុឯកតា (ឬ Electric Multiple Unit) ដែលនឹងរត់លើផ្លូវដែកថ្មីដែលទើបតែសាងសង់រួចប្រវែងជាង ១០០០ គីឡូម៉ែត្រ ក្នុងល្បឿនអតិបរមា ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។

មានឈ្មោះថា ឡានឆាង ដែលជាការដាក់ឈ្មោះតាមឈ្មោះបុរាណរបស់ឡាវ និងទន្លេឡានឆាង-មេគង្គ រថភ្លើងនេះ ត្រូវបានសាងសង់ និងគ្រប់គ្រងដោយក្រុមហ៊ុន Laos-China Railway Company ដែលជាការបណ្តាក់ទុនរួមគ្នារវាងចិននិងឡាវ។

ផ្នែកខាងក្រៅរបស់រថភ្លើងត្រូវបានលាបពណ៌ក្រហម ខៀវ និងស ដើម្បីតំណាងឱ្យពណ៌ទង់ជាតិឡាវចំណែកឯផ្នែកខាងក្នុងវិញត្រូវបានតុបតែងដោយលំនាំរបស់ផ្កាចំប៉ី ដែលជានិមិត្តសញ្ញាជាតិរបស់ឡាវ។

គួរបញ្ជាក់ថា រថភ្លើងនេះ អាចផ្ទុកមនុស្សសរុប ៧២០ នាក់ ដែលក៏រួមបញ្ចូលទាំងទូរសម្រាប់ជនពិការនិងសេវាកម្មព័ត៌មានជាភាសាចិន ឡាវ និងអង់គ្លេស។

រូបភាពដោយ Xinhua

- Video Advertisement -