ជប៉ុននឹងជួយបង្កើតស្ថានីយ និងប្រព័ន្ធវាស់វែងដីធ្លីប្រើផ្កាយរណប CORS និង GNSS នៅកម្ពុជា

ទីភ្នាក់ងារ JICA បាន និងកំពុងជួយគាំទ្រកម្ពុជាក្នុងការកសាងស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប CORS ក៏ដូចជាគ្រោងនឹងផ្ដល់ជំនួយបន្ថែមដើម្បីបង្កើតប្រព័ន្ធបណ្ដាញវាស់វែងដីធ្លីដោយឧបករណ៍ទំនើប GNSS នៅទូទាំងប្រទេសកម្ពុជាឆាប់ៗនេះ។

គម្រោងទាំង២ ត្រូវបានពិភាក្សាក្នុងជំនួប រវាង ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកស្រី Kamei Haruko ប្រធាន JICA នៅកម្ពុជា កាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២១។

គោលបំណងទី១ នៃជំនួប គឺដើម្បីស្វាគមន៍ក្រុមបេសកកម្មរបស់ JICA មកទស្សនៈកិច្ចការកសាងស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប CORS។ ស្ថានីយនេះធ្វើឡើងដើម្បីជួយធ្វើឱ្យការវាស់វែងកាន់តែសុក្រឹត្យ ជួយពន្លឿនការចុះបញ្ជីដីទូទាំងប្រទេស ងាយស្រួលកំណត់ទីតាំងច្បាស់លាស់ ពន្លឿនការងារវាស់វែងគ្រប់ការងារសាងសង់ ធារាសាស្រ្ត សំណង់អគារ និងសំណង់ស៊ីវិលផ្សេងទៀត។

ស្ថានីយនេះក៏ប្រើប្រាស់សម្រាប់បញ្ជាគ្រឿងចក្រដូចជា ការកៀរដីធ្វើផ្លូវ ការពង្រាបដីធ្វើកសិកម្ម និងប្រើប្រាស់សម្រាប់ត្រួតពិនិត្យការទ្រេតនៃអគារខ្ពស់ៗ ដើម្បីបង្ការការដួលរលំជាដើម។

ចំណែកឯគោលបំណងធំនៃជំនួបនេះមួយទៀតនោះ ក៏ដើម្បីពិភាក្សាអំពីលទ្ធភាពនៃគម្រោងជំនួយឥតសំណង ស្ដីពីការបង្កើតប្រព័ន្ធបណ្ដាញវាស់វែងដីធ្លីដោយឧបករណ៍ GNSS។ ប្រព័ន្ធនេះ គឺដើម្បីកំណត់ទីតាំងសកលតាមប្រព័ន្ធផ្កាយរណប តាមរយៈការបង្កើតបណ្ដាញ CORS ទូទាំងប្រទេសកម្ពុជាផងដែរ។

លោកស្រី Kamei Haruko ប្រធាន JICA នៅកម្ពុជា បានឱ្យដឹងថា JICA នឹងពិនិត្យមើលលទ្ធភាពផ្ដល់ជំនួយបន្ថែម ពីព្រោះ JICA សង្កេតឃើញថា មន្ត្រីសុរិយោដីរបស់ក្រសួង គឺបានខិតខំធ្វើការលើគម្រោងនេះ ដោយមានភាពទទួលខុសត្រូវខ្ពស់ និងទទួលបានជោគជ័យឆាប់រហ័ស៕

- Video Advertisement -