អគារបៃតងជាប់ចំណាត់ថ្នាក់ទាំង៥ លើពិភពលោកប្រចាំឆ្នាំ២០២១ មានអគារអ្វីខ្លះ
រូបភាពដោយ Procore
បញ្ហាបម្រែបម្រួលអាកាសធាតុគឺជាហានិភ័យប្រឈមមួយ។ កត្តានេះបានធ្វើឱ្យស្ថាបត្យករនៅជុំវិញពិភពលោក បាននឹងកំពុងធ្វើការរចនាប្លង់អគារ ឱ្យមានភាពច្នៃប្រឌិត និងប៉ះពាល់ដល់បរិស្ថានតិចតួចបំផុត ឬហៅម្យ៉ាងទៀតថាអគារបៃតង។ ក្រុមហ៊ុនល្បីល្បាញអាមេរិកមួយ Procore Technologies, Inc បានចាត់លំដាប់ប្លង់អគារបៃតងដែលប្រកបដោយភាពច្នៃប្រឌិតខ្ពស់ជាងគេទាំង ៥ ក្នុងឆ្នាំ ២០២១ ដូចតទៅ៖
គម្រោង Valley នៅប្រទេសហូឡង់
គម្រោងនេះត្រូវបានរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យករល្បីឈ្មោះពីប្រទេសហូឡង់ MVRDV ។ គ្របដណ្តប់លើផ្ទៃដី ៧៥.០០០ ម៉ែលការ៉េ ចំណុចពិសេសរបស់គម្រោងនេះ គឺការដាំរុក្ខជាតិបៃតងនៅតាមចន្លោះអគារនីមួយៗ ជាមួយនឹងសួនបៃតងបញ្ឈរតាមជំហរអគារ។ យោងទៅតាមក្រុមហ៊ុន Procore អគារនេះទទួលពិន្ទុ GreenPoint Rated (GPR) ដល់ទៅ ៨ ពិន្ទុ។
រោចចក្របំផ្លែងសម្រាមទៅជាថាមពលធំជាងគេលើលោកនៅទីក្រុងសិនជិន ប្រទេសចិន
រោងចក្រនេះត្រូវបានរចនាឡើងដោយក្រុមហ៊ុនដាណឺម៉ាក Schmidt Hammer Lassen និង Gottlieb Paludan។ មានផ្ទៃក្រឡាសរុប ៦៦ ០០០ ម៉ែត្រការ៉េ ដំបូលរោងចក្រត្រូវបានគ្របដណ្ដប់ដោយបន្ទះសូឡា ដែលជាប្រភពថាមពលបៃតងសម្រាប់ការប្រើប្រាស់ក្នុងរោងចក្រ។ ក្រៅពីការរចនាបៃតង រោងចក្រនេះនឹងអាចដុតសំរាមចំនួន ៥០០០ តោនក្នុងមួយថ្ងៃ ហើយបំផ្លែងទៅជាអគ្គិសនីបានដល់ជាង ៥៥០លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ។
ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Bee’Ah នៅសហរដ្ឋអារ៉ាប់រួម
ទីស្នាក់ការកណ្តាលថ្មី Bee’Ah មានផ្ទៃដីសរុប ៧០០០ ម៉ែត្រការ៉េ ដែលត្រូវបានរចនាឡើងដើម្បីទប់ទល់នឹងខ្យល់ព្យុះ ព្យុះខ្សាច់ និងកំដៅ។ ការរចនាថ្មីនេះ នឹងជួយកាត់បន្ថយការប្រើកម្លាំងម៉ាស៊ីនត្រជាក់បានមួយផ្នែកធំ។ អគារនេះ ក៏បានបំពាក់បច្ចេកវិទ្យាបំផ្លែងកំដៅចេញពីកន្ទុយម៉ាស៊ីនត្រជាក់ទៅជាប្រព័ន្ធទឹកក្តៅប្រើប្រាស់ក្នុងអគារផងដែរ។ លើសពីនេះ ទីធ្លាកណ្តាលនៃអគារ ក៏ត្រូវបានបើកចំហរ ដើម្បីឱ្យពន្លឺ និងខ្យល់ធម្មជាតិចេញចូល។ ជាងនេះទៅទៀត អគារនេះក៏នឹងផលិតថាមពលដោយខ្លួនឯងតាមរយៈបន្ទះសូឡាផងដែរ។
សាកលវិទ្យាល័យសាធារណៈ BRAC នៅប្រទេសបង់ក្លាដែស
ចំណុចពិសេសនៃសាកលវិទ្យាល័យនេះគឺសួនច្បារ ដែលវិស្វករជំនួសវាលភក់ដ៏ធំ ដោយស្រះ និងសួនជីវចម្រុះប្រកបដោយនិរន្តរភាព ដើម្បីកាត់បន្ថយកម្តៅ។ នៅលើអគារ ក៏មានសួន អាងហែលទឹក ផ្លូវរត់ហាត់ប្រាណ និងកន្លែងលេងកីឡាផងដែរ។ ដូចគ្នានេះដែរ អគារក៏នឹងត្រូវបានបំពាក់ដោយបន្ទះសូឡា ដើម្បីជាប្រភពអគ្គិសនីសម្រាប់ភ្លើងបំភ្លឺ និងកង្ហារ។
អគារ Aquarela នៅប្រទេស អេក្វាឌ័រ
អគារនេះត្រូវបានរចនាឡើងដោយស្ថាបត្យករល្បីឈ្មោះ លោក Jean Nouvel ដែលជាអ្នកឈ្នះរង្វាន់ Pritzker។ គម្រោងនេះមានអគារសរុបចំនួន ៩ ដែលក្នុងនោះ ៣ ដំបូង គ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២១។ អគារនេះព័ទ្ធជុំវិញដោយផ្ទៃក្រឡាបៃតងសរុប ១,៥ ហិកតា ដែលលាតសន្ធឹងនៅចន្លោះអគារ នឹងជាសួនបញ្ឈរតាមតួអគារ។ ដូចគ្នានេះដែរ អគារក៏នឹងត្រូវបានបំពាក់ដោយបន្ទះសូឡា ដែលនឹងប្រើជាប្រព័ន្ធទឹកក្តៅប្រើប្រាស់ក្នុងអគារ។
- Video Advertisement -