គម្រោងរថភ្លើងល្បឿនលឿនបំផុតលើពិភពលោកគ្រោងនឹងចំណាយបន្ថែមជាង ១៤ ពាន់លានដុល្លារ

គម្រោងសាងសង់រថភ្លើងល្បឿនលឿនជាងគេលើលោក ឬ ហៅ Magnetic Levitation នៅប្រទេសជប៉ុន កំណាត់តូក្យូ-ណាហ្គូយ៉ា នឹងត្រូវចំណាយថវិការហូតដល់ទៅ ៦៤ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើងបន្ថែមជិត ១៤ ពាន់លានដុល្លារ ពីតម្លៃប៉ាន់ស្មានដំបូង។ នេះបើយោងតាមសារព័ត៌មាន Nikkei Asia កាលពីថ្មីៗនេះ។

ការកើនឡើងនៃចំណាយនេះគឺ ដោយសារតែការងារផ្នែកស្មុគស្មាញមួយចំនួន ការដាក់បញ្ចូលនូវបច្ចេកវិទ្យាការពារគ្រោះការរញ្ជួយដី និងការងារបូមដីចេញពីការជែករូងក្រោមដីដើម្បីធ្វើផ្លូវរថភ្លើង។

កំណាត់រថភ្លើងតូក្យូ-ណាហ្គូយ៉ាងនេះ មានប្រវែង ២៩០ គីឡូម៉ែត្រ ដែលជាផ្នែកមួយនៃខ្សែតូក្យូ-អូសាកាប្រវែងសរុប ៥០០ គីឡូម៉ែត្រ។

គម្រោងនេះត្រូវបានស្នើឡើងនៅឆ្នាំ ២០១៤ ហើយរំពឹងថានឹងដាក់ដំណើរការនៅឆ្នាំ ២០២៧។ ទោះយ៉ាងណាក្ដី កាលបរិច្ឆេទបើកដំណើរការអាចនឹងប្រែប្រួល ឬយឺតយ៉ាវ បន្ទាប់ពីខេត្ត Shizuoka ស្នើសុំឱ្យពន្យារការដ្ឋាន ដោយមានការបារម្ភរឿងផលប៉ះពាល់បរិស្ថាន កាលពីឆ្នាំមុន។

យោងទៅតាម GCR រថភ្លើងនឹងរត់ជាខ្សែរត្រង់ ពុះកាត់ជួរភ្នំអាល់របស់ជប៉ុន ដូច្នេះ ៩០% នៃផ្លូវរថភ្លើងប្រវែង ៥០០ គីឡូម៉ែត្រនេះ ភាគច្រើនគឺជាផ្លូវរូងក្រោមដី។

គួរបញ្ជាក់ផងដែរថា រថភ្លើង Magnetic Levitation ឬ Maglev គឺជាប្រព័ន្ធរថភ្លើងដែលប្រើកំលាំងអេឡិចត្រូម៉ាញ៉េទិច ដើម្បីឱ្យខ្សែររថភ្លើងអណ្ដែតផុតពីផ្លូវរថភ្លើងបន្ដិច ដែលធ្វើឱ្យរថភ្លើងនេះមានល្បឿនដល់ទៅ ៥០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ឬនិយាយឱ្យងាយយល់ រថភ្លើងនេះគឺហាក់ដូចជាហោះតាមគន្លងផ្លូវរថភ្លើង មិនមែនរត់លើផ្លូវនោះទេ។

រថភ្លើងនេះនឹងអាចដឹកអ្នកដំណើរពីតូក្យូ ទៅអូសាកា ក្នុងរយៈពេលតែមួយម៉ោងប៉ុណ្ណោះ។

- Video Advertisement -