រដ្ឋបាលខេត្តសៀមរាប ចេញគោលការណ៍ថ្មី ៤ ចំណុច ដើម្បីពង្រឹងគុណភាពការដ្ឋានផ្លូវទាំង ៣៨ខ្សែ

រដ្ឋបាលខេត្តសៀមរាប បានចេញគោលការណ៍ថ្មី ៤ ចំណុចធំៗ ដាក់ឱ្យដល់អាជ្ញាធរមូលដ្ឋាន ក្រុមការងារស្ថាបនា និងម្ចាស់សំណង់ អនុវត្តក្នុងគោលបំណងដើម្បីពង្រឹងគុណភាពការដ្ឋានផ្លូវ ៣៨ខ្សែនៅសៀមរាប។ នេះបើយោងតាមការចុះពិនិត្យការដ្ឋាន កាលពីថ្ងៃទី ៤ ខែឧសភា។

លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារទី៦ បានឱ្យដឹងថា គោលការណ៍ទាំង ៤ចំណុច នោះ រួមមាន៖

១-ក្រុមការងារទាំងអស់ត្រូវពិនិត្យ តាមដាន និងវាយតម្លៃបញ្ហាបច្ចេកទេសសាងសង់ជាប្រចាំ។ លើសពីនេះ គ្រប់អង្គភាពសាងសង់ទាំងអស់ ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេស ដើម្បីចូលរួមកាត់បន្ថយភាពខ្ជះខ្ជាយថវិកាជាតិ និងពេលវេលា ។

២-រដ្ឋបាលសង្កាត់ត្រូវជួយសម្របសម្រួលលើការងារដាក់ពាក្យស្នើសុំភ្ជាប់បណ្តាញលូទឹកស្អុយរបស់ប្រជាពលរដ្ឋ ដោយបើកឱ្យអង្គភាពលូបានចូលទៅផ្សព្វផ្សាយ និងចែកពាក្យស្នើសុំ។

៣-ត្រូវពិនិត្យលើលក្ខណៈបច្ចេកទេសសាងសង់ និងអនុវត្តតាមស្តង់ដាបច្ចេកទេស ធ្វើយ៉ាងណាឱ្យការងារសម្រេចបានទាន់ពេលវេលា។

៤-ពន្លឿនដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់។ កន្លងមក ៤ ទីតាំង បានដោះស្រាយរួចរាល់ និង ១ ទីតាំងទៀត ត្រូវស្នើសុំគោលការណ៍បន្តពីថ្នាក់ដឹកនាំ។

គួរបញ្ជាក់ផងដែរ គម្រោងស្ថាបនារផ្លូវ ៣៨ខ្សែ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។ ផ្លូវទាំង៣៨ខ្សែនេះ មានប្រវែងសរុប ១០៨,៧៤គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤០លានដុល្លារអាមេរិក ដោយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ខាងមុខនេះ។ (អានបន្ថែម)

បើគិតត្រឹមខែមីនា ឆ្នាំ២០២១ គម្រោងនេះសម្រេចបានប្រមាណជាង៣០% ហើយ។

- Video Advertisement -