ខេត្តពោធិ៍សាត់កំពុងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធធំៗ ៤ គម្រោង ជុំវិញបឹងទន្លេសាប

រដ្ឋបាលខេត្តពោធិ៍សាត់ សហការជាមួយនឹងមន្ទីរសាធារណការខេត្ត កំពុងធ្វើការយ៉ាងសកម្មលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធធំៗ ចំនួន ៤ ជុំវិញបឹងទន្លេសាប រួមមាន ប្រព័ន្ធលូរំដោះទឹកភ្លៀង អាងប្រព្រឹត្តិកម្មកខ្វក់ ទីលានចាក់សំរាម និងការស្ដារទំនប់ការពារទឹកជំនន់ថ្មី។

លោក ស៊ី វុធ អនុប្រធានមន្ទីរសាធារណការខេត្តបានឱ្យដឹងកាលពីពេលចុះពិនិត្យការដ្ឋាន កាលពីថ្ងៃទី ៦ ខែឧសភា កន្លងមកនេះថា គម្រោងទាំង ៤ បាន និងកំពុងដំណើរការដោយរលូន ទោះមានបញ្ហាកូវីដក្ដី ហើយបច្ចុប្បន្នការងារសម្រេចបានមួយផ្នែកធំហើយ។

លោកមានប្រសាសន៍ថា៖ «ជាក់ស្ដែងសម្រាប់គម្រោងលូរំដោះទឹកភ្លៀង ក្រុមហ៊ុនកំពុងធ្វើការតភ្ជាប់បណ្តាញរឺហ្គ៊ែចាស់ ចូលបណ្ដាញលូថ្មី។ ខណៈគម្រោងអាងប្រព្រឹត្តិកម្ម ក្រុមការងារបានបញ្ចូលទឹកចេញតាមបណ្តាញលូជាបណ្តើរៗ ហើយ»។

«ដោយឡែក សម្រាប់ទីលានចាក់សំរាមវិញ ក្រុមហ៊ុនបានបញ្ចប់ការសាងសង់ផ្លូវចូលទីលាន និងកំពុងពន្លឿនជីករណ្តៅសំរាមក្នុងទីលាន។ សម្រាប់ គម្រោងស្ដារទំនប់ការពារទឹកជំនន់ ក៏បានកាយត្រាសបង្ហាប់ដីរួចហើយដែរ»។

លោក ស៊ី វុធ បានចាត់ទុកថា គម្រោងធំៗទាំង៤នេះ គឺជាសមិទ្ធផលថ្មីបំផុតរបស់ខេត្តពោធិ៍សាត់ បន្ទាប់ពីផ្លូវជាតិ លេខ៥៥ សាងសង់រួច និងផ្លូវជាតិលេខ៥ និង ផ្លូវជាតិលេខ១០ ដែលកំពុងសាងសង់។

រដ្ឋបាលខេត្តរំពឹងថា ក្រោយពេលគម្រោងទាំងនេះសាងសង់រួច ក្រុងពោធិ៍សាត់នឹងមិនមានការលិចលុងដោយទឹកភ្លៀងទៀតទេ។ លើសពីនេះ គម្រោងទាំងនេះក៏ជួយលើកមុខមាត់ក្រុងពោធិ៍សាត់កាន់តែស្រស់បំព្រងថែមទៀតផងដែរ៕

- Video Advertisement -