ទូតសិង្ហបូរី បានបង្ហាញបំណងបន្តពង្រឹង និងពង្រីក ប្រព័ន្ធដឹកជញ្ជូននៅកម្ពុជា

កម្ពុជា និងសិង្ហបុរី បានប្តេជ្ញាចិត្តរួមគ្នា ពង្រីកកិច្ចសហប្រតិបត្តិការលើប្រព័ន្ធដឹកជញ្ជូនឱ្យកាន់តែប្រសើរឡើង។ នេះបើយោងតាមជំនួបពិភាក្សាការងាររវាងឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា កាលពីទី ១១ ខែឧសភា កន្លងមកនេះ។

លោកជំទាវ Teo Lay Cheng បានថ្លែងថា សិង្ហបូរីមានបំណងចង់បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិជាមួយកម្ពុជាកាន់តែរឹងមាំ ជាពិសេសលើប្រព័ន្ធដឹកជញ្ជូន។

ជាក់ស្ដែង កន្លងមកសិង្ហបុរីបានជួយជ្រោមជ្រែងជាច្រើនក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា។ តួយ៉ាងដូចជា គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលព័ស្តុភារកម្មភ្នំពេញតម្លៃជាង ២០០លានដុល្លារ ដែលគ្រោងនឹងសាងសង់ក្នុងពេលឆាប់ៗនេះ។

គម្រោងមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញនេះ ត្រូវបានចុះហត្ថលេខា Framework Agreement កាលពីថ្ងៃទី ០៤ ខែមីនា កន្លងទៅ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន YCH និង Infrastructure Asia (IA) របស់ប្រទេសសិង្ហបុរី។ (អានបន្ថែម)

ឯកឧត្ដម ស៊ុន ចាន់ថុល បានឱ្យដឹងថា គម្រោងនេះនឹងដើរតួនាទីជាចំណុចកណ្តាលសម្រាប់បណ្តាញចែកចាយទំនិញនៅក្នុងប្រទេស និងជាចំណុចតភ្ជាប់នៃការដឹកជញ្ជូនទាំង ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាសផងដែរ។

ប្រធានក្រុមហ៊ុន YCH Group លោក Robert Yab ធ្លាប់មានប្រសាសន៍ថា៖ «ប្រទេសកម្ពុជាជាទីតាំងមានសក្ដានុពល។ ប៉ុន្តែប្រទេសនេះ មិនទាន់មានហេដ្ឋារចនាសម្ព័ន្ធព័ស្តុភារកម្មដែលមានស្ដង់ដារទេ ហេតុនេះហើយទើបក្រុមហ៊ុនអន្តរជាតិជាច្រើនទៅវិនិយោគនៅប្រទេសថៃ ឬវៀតណាមវិញ។”

«យើងបានពិគ្រោះជាមួយក្រុមហ៊ុនអន្តរជាតិមួយចំនួនដែលកំពុងធ្វើអាជីវកម្មនៅអាស៊ាន ពួកគេថានឹងពង្រីកបណ្ដាញផលិតកម្មមកប្រទេសកម្ពុជា ប្រសិនបើកម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធលំដាប់ពិភពលោក។ ដូច្នេះ គម្រោងមជ្ឈមណ្ឌលព័ស្តុភារកម្មភ្នំពេញ គឺជាឱកាសដ៏ល្អបំផុត» លោកបន្ត។ (អានបន្ថែម)

ក្រៅពីគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលព័ស្តុភារកម្មភ្នំពេញ ក្រោមការជ្រុមជ្រែងពីសិង្ហបូរី កម្ពុជាក៏បានសម្រេចជោគជ័យលើការប្រើប្រាស់នូវប្រព័ន្ធជាតិស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ត ការចេញបណ្ណបើកបរ ការប្រឡងយកបណ្ណបើកបរ និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ផងដែរ។

- Video Advertisement -