គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហុន សម្រេចបានជិត ៥០% ហើយ

បើគិតត្រឹមដើមខែឧសភានេះ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ តម្លៃជាង ២ប៊ីលានដុល្លារ សម្រេចបានប្រមាណ ៤៩% ហើយ។ នេះបើយោងតាមលោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន កាលពីព្រឹកថ្ងៃទី ១៣ ឧសភា នេះ។

លោកបានបន្តថា ដំណើរការសាងសង់ផ្លូវល្បឿនលឿននេះ នៅតែបន្តដោយរលូន ទោះប្រទេសកំពុងប្រឈមនឹងវិបត្តិកូវីដ និងការបិទខ្ទប់មួយរយៈក្ដី។

មកទល់បច្ចុប្បន្ន គម្រោងនេះ បានចាប់ផ្ដើមក្រាលកៅស៊ូបេតុងអាស្វាល់ជាផ្លូវការហើយ។ កៅស៊ូបេតុងអាស្វាល់នេះទៀតសោត ជាប្រភេទកៅស៊ូជាប់បានល្អ ឬហៅថា ATB-25 ដោយការងារបានចាប់ផ្ដើមក្រោយវិស្វករបញ្ចប់ការក្រាលផ្នែកសាកល្បងជាស្ថាពរកាលពីខែ មីនា កន្លងទៅ។

គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះមានប្រវែង ១៩០គីឡូម៉ែត្រ សាងសង់ដោយក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd ហើយគ្រោងនឹងប្រើរយៈពេលសាងសង់ ៤៨ខែ។ (អានបន្ថែម)

- Video Advertisement -