ឯកឧត្តម ស៊ុន ចាន់ថុល សន្យានឹងពន្លឿនការដ្ឋានផ្លូវជាតិលេខ២ ក្រោយប្រជាពលរដ្ឋថាយឺតយាវខ្លាំង

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសន្យាថានឹងពន្លឿនការដ្ឋានគម្រោងលើកកម្ពស់ផ្លូវជាតិលេខ២ ឱ្យលឿនជាងមុន ពោលគឺធ្វើយ៉ាងឱ្យចប់តាមផែនការដែលបានកំណត់ ក្រោយពលរដ្ឋជាច្រើនរិះគន់ថាការដ្ឋានយឺតយ៉ាវខ្លាំង។

ឯកឧត្តម ថ្លែងដូច្នេះ ក្នុងឱកាសចុះត្រួតពិនិត្យវឌ្ឍនភាពសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-កាលពីថ្ងៃទី២១ ខែមិថុនា នេះ។

ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា៖ «បច្ចុប្បន្នក្រសួងកំពុងតាមដានជំរុញទៅកាន់ក្រុមសាងសង់ ថាត្រូវសង់ផ្លូវប្រកបដោយគុណភាព តាមបទដ្ឋានបច្ចេកទេស សំដៅធានាដល់ការប្រើប្រាស់យូរអង្វែង។

ជាមួយគ្នានោះ រដ្ឋមន្ត្រីរូបនេះ ក៏បានជំរុញឱ្យក្រុមហ៊ុនត្រូវបញ្ចប់ការសាងសង់តាមកិច្ចសន្យា និងការព្រមព្រៀងកន្លងមកផងដែរ។

ឯកឧត្តមធ្លាប់បានឱ្យដឹងថា៖ «ក្នុងដែលមានករណីយឺតយ៉ាវ ដោយសារវិបត្តិកូវីដ គ្រឿងចក្រជាប់នៅប្រទេសវៀតណាម រឿងហ្នឹងអាចពិភាក្សាគ្នាបាន ដោយឡែកចំពោះគុណភាពមិនអាចចរចាគ្នាបានជាដាច់ខាត់»។

លើសពីនេះ ក្រសួងក៏បានបង្កើតក្រុមការងារបច្ចេកទេសចំនួនពីរក្រុម ដែលមានភារកិច្ចចុះត្រួតពិនិត្យឆ្មក់មិនឱ្យក្រុមហ៊ុនសាងសង់ដឹងជាមុន ដើម្បីធានាការសាងសង់ផ្លូវមានគុណភាពរឹងមាំ។

គួររម្លឹកផងដែរថា ផ្លូវជាតិលេខ២ ត្រូវបានបើកការដ្ឋានស្ថាបនាឡើងវិញ ដំណាល់គ្នានឹងផ្លូវជាតិលេខ២២ កាលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ដោយគ្រោងនឹងបញ្ចប់ក្នុងរយៈពេល ៣០ខែ។

គម្រោងទាំងនេះទៀតសោត កំពុងសាងសង់ដោយប្រើប្រាស់ថវិកាប្រមាណ ៥៦លានដុល្លារ ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជាផងដែរ។

ផ្លូវទាំង ២ខ្សែនេះ បានបើកការដ្ឋានតាំងពីដើមឆ្នាំ ២០២០ ដែលកំពុងសាងសង់ជាប្រភេទផ្លូវបេតុងកៅស៊ូអាស្វាល់ (Asphalt Concrete) ហើយបែកចែកជា ៣កំណាត់ផ្លូវ ធំៗ គឺកំណាត់ទី១ ពីរង្វង់មូលតាខ្មៅ ដល់រង្វង់មូលស្ត្រីបីកួរស្រូវ កំណាត់ទី២ ពីរង្វង់មូលស្រ្តីបីកួរស្រូវ ដល់រង្វង់មូលអូរចំបក់ និងកំណាត់ទី៣ពីរង្វង់មូលអូរចំបក់ ដល់ផ្សារអង្គតាសោម។ (អានបន្ថែម)

 

- Video Advertisement -