ផ្លូវ៣៨ខ្សែនៅសៀមរាប នឹងបញ្ចប់តាមផែនការខែធ្នូនេះ ខណៈបច្ចុប្បន្នសម្រេចជាង៦៣%

គម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែនៅក្រុងសៀមរាប នឹងបញ្ចប់តាមផែនការនៅខែធ្នូ ឆ្នាំ២០២១ នេះ ខណៈបច្ចុប្បន្នការដ្ឋានសាងសង់ទាំងមូល សម្រេចបានប្រមាណ ៦៣,៨៧% ហើយ។ នេះបើយោងតាមកិច្ចចុះពិនិត្យការដ្ឋានរបស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដម ស៊ុន ចាន់ថុល កាលពីម្សិលមិញនេះ។

ឯកឧត្ដម បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ការដ្ឋានផ្លូវទាំងមូលសម្រេចបានជិត ៦៤% ក្នុងនោះប្រឡាយលូរំដោះទឹកសម្រេចបាន៩០% ប្រព័ន្ធលូសម្រាប់ផ្លូវ៣៨ខ្សែ សម្រេច៨៧% ហើយការងារសួន គំនូសចរាចរ និងបង្គោលភ្លើងនានា សម្រេចបាន៤០%។

ទន្ទឹមគ្នានេះ ឯកឧត្តម ក៏បានច្រានចោលមតិរិះគន់នៅតាមបណ្តាញសង្គមថា ក្រសួងបានប្រើប្រាស់សរសៃដែកតូច លួចគុណភាព មិនគោរពតាមស្តង់ដារបច្ចេកទេសសាងសង់ក្នុងការចាក់ផ្លូវបេតុង ដោយបញ្ជាក់ថា ការងារគ្រប់យ៉ាងគឺធ្វើតាមស្ដង់ដារទាំងអស់។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជំរុញឱ្យក្រុមការងារត្រួតពិនិត្យបច្ចេកទេស និងសាងសង់ផ្លូវ ត្រូវបាញ់ទឹកការពារដីហុយ ប្រញាប់បិទលូកុំឱ្យបាំងផ្ទះប្រជាជនដែលកំពុងប្រកបអាជីវកម្ម និងធ្វើយ៉ាងកុំឱ្យកកស្ទះចរាចរ។

គួរជម្រាបថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែក្នុងក្រុងសៀមរាប មានប្រវែងសរុប ១០៨,៧៤១ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩លានដុល្លារអាមេរិក ដោយក្នុងនោះ ចំនួន ៩លានដុល្លារអាមេរិក បន្ថែមទៀត នឹងត្រូវចំណាយលើការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់។ (អានបន្ថែម)

ការដ្ឋានសាងសង់ផ្លូវនេះ បានបើកការដ្ឋានកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមវត្តមានសម្ដេច ហ៊ុន សែន។ គម្រោងទាំងមូល នឹងចំណាយពេលសាងសង់ចំនួន១៣ខែ ដោយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១។

ក្រៅពីនេះ រដ្ឋាភិបាលក៏បានសម្រេចបង្វែរថវិកា ៥លានដុល្លារ ដែលសេសសល់ពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅសីហនុមកកែលម្អ ដងស្ទឹងសៀមរាប ដែលមានប្រវែងជាង ៩គីឡូម៉ែត្រ ផងដែរ។

- Video Advertisement -