គម្រោងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធធំៗ នៅកោះរ៉ុង ជារួមសម្រេចបានជាង ៨០% ហើយ
គិតមកទល់បច្ចុប្បន្ន គម្រោងសាងសង់ និងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធធំៗនានា នៅកោះរ៉ុង នៃខេត្តព្រះសីហនុ ជារួមសម្រេចបានជាង ៨០% ហើយ ដោយគ្រោងនឹងបើកឱ្យសាធារណជនប្រើប្រាស់ ក៏ដូចជាសម្រាប់ស្វាគមន៍ភ្ញៀវទេសចរ ក្នុងពេលឆាប់ៗ ក្រោយវិបត្តិកូវីដស្ងប់ស្ងាត់។
នេះបើយោងតាមកិច្ចចុះពិនិត្យការដ្ឋានរបស់អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន កាលពីថ្ងៃទី៤ ខែកក្កដា កន្លងទៅ។
គម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងនោះរួមមាន អគាររដ្ឋបាលក្រុងកោះរ៉ុងដែលសម្រេចបានជាង ៧៥% អគារផ្នែកប្រតិបត្តិការសឹករងដែលសម្រេចបានប្រមាណជាង ៧៥% និងមណ្ឌលសុខភាពកោះរ៉ុង ដែលសម្រេចបាន ១០០%។
គម្រោងទាំង ៣ សុទ្ធសឹងតែជាអំណោយរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។
គួរបញ្ជាក់ផងដែរថា កោះរ៉ុង បាននិងកំពុងរីកចម្រើនជាបន្តបន្ទាប់ ដោយកាលពីឆ្នាំមុនក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក៏បានបោះទុន ៣៥លានដុល្លារ សាងសង់ផ្លូវបេតុងប្រវែង ៧០គីឡូម៉ែត្រ នៅទីនោះផងដែរ ដែលនេះជាជំហានមួយនៃផែនការមេរបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍន៍កោះរ៉ុង។
សូមបញ្ជាក់ថា ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ទទួលបានកិច្ចសន្យាជួលកោះរ៉ុង ៩៩ឆ្នាំ ពីរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨ ដើម្បីអភិវឌ្ឍជាតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្ម និងរមណីយដ្ឋានទេសចរណ៍ធម្មជាតិ។
កាលពីចុងឆ្នាំ២០១៩ កន្លងទៅ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក៏បានប្រកាសគម្រោងវិនិយោគប្រមាណ ២៨៥ លានដុល្លារ វិនិយោគរួមគ្នាជាមួយក្រុមហ៊ុនចិន Royal Galaxy Group អភិវឌ្ឍកោះរ៉ុងទៅជារមណីដ្ឋានកម្រិតពិភពលោក។ ក្នុងគម្រោងវិនិយោគនោះ ក៏រួមបញ្ជូលការកសាងអាកាសយានដ្ឋាន និងស្ថានីយថាមពលពន្លឺព្រះអាទិត្យផងដែរ។ (អានបន្ថែម)

