ភាគីថៃអះអាងថាមិនបានចម្លងប្រាសាទអង្គរទេ តែរចនាតាមគំរូប្រាសាទមួយចំនួនក្នុងតំបន់
ភាគីថៃអះអាងថា ការកសាងប្រាសាទនៅខេត្តបុរីរាំ មិនបានលួចចម្លងប្លង់តាមប្រាសាទអង្គរវត្តឡើយ តែជាគំរូប្លង់គូរដោយខ្លួនឯង និងរចនាទៅតាមស្ថាបត្យកម្មប្រាសាទមួយចំនួនដែលមានក្នុងតំបន់នោះ។
នេះបើយោងតាម ព័ត៌មានបឋមដែលមន្រ្តីស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងបាងកក ទទួលបានក្នុងកិច្ចចុះស្រាវជ្រាវប្រមូលព័ត៌មានពាក់ព័ន្ធ។
ការស្រាវជ្រាវនេះ ធ្វើឡើងបន្ទាប់ពីមានមតិរិះគន់ពីប្រជាពលរដ្ឋខ្មែរ ថាការកសាងប្រាសាទថ្មមួយនេះបានចម្លងរចនាបទប្រាសាទអង្គរ។ (អានបន្ថែម)
យោងតាមសេចក្តីប្រកាសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីព្រឹកមិញនេះ ចៅអធិការវត្តនៅប្រទេសថៃអះអាងថា ប្រាសាទនេះជាសំណង់មួយក្នុងចំណោមសំណង់ប្រាសាទថ្មដទៃទៀត ដែលមានភាពចម្រុះគ្នា និងជាទីប្រតិស្ឋាននៃព្រះពុទ្ធរូបសម្រាប់បូជា។
ចៅអធិការវត្តបានឱ្យដឹងទៀតថា បើយោងតាមឯកសារប្លង់ ការកសាងប្រាសាទនេះមិនបានលួចចម្លងប្លង់ពីប្រាសាទអង្គរវត្ត ឬប្រាសាទបុរាណណាមួយនៅក្នុងប្រទេសកម្ពុជាឡើយ។ ប៉ុន្តែការកសាងសង់ គឺតាមគំរូប្លង់ដោយខ្លួនឯង និងរចនាទៅតាមស្ថាបត្យកម្មប្រាសាទមួយចំនួនដែលមានក្នុងតំបន់នោះ។
ភាគីថៃក៏បានបន្តទៀតថា ម្ចាស់គម្រោងប្រាសាទ នឹងស្វាគមន៍ជានិច្ចបើមន្រ្តីជំនាញផ្នែកស្ថាបត្យកម្មកម្ពុជាចង់ចុះត្រួតពិនិត្យ ក្នុងករីណមានការមន្ទិលសង្ស័យ។
យ៉ាងណាមិញ នេះគ្រាន់តែជាព័ត៌មានបឋមដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈទទួល ប៉ុន្តែការស្រាវជ្រាវនៅតែបន្ត។

