ក្រុមហ៊ុនចិនបង្កើតរោងចក្រកែច្នៃកៅស៊ូក្រាលថ្នល់ជាង ៥ ម៉ឺនតោន សម្រាប់គម្រោងផ្លូវល្បឿនលឿន

ក្រុមហ៊ុនចិនបានសម្រេចបង្កើតរោងចក្រដ៏ធំមួយ កែច្នៃកៅស៊ូក្រាលថ្នល់ស្ដង់ដារ (SBS) សម្រាប់ផ្គត់ផ្គង់ឱ្យការដ្ឋានគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុទាំងមូល ដែលនឹងត្រូវប្រើប្រាស់កៅស៊ូសរុបជាង ៥៣ ០០០ តោន។

បើយោងតាមទំព័រ Facebook ផ្លូវការរបស់គម្រោងផ្លូវល្បឿនលឿនដែលថ្ងៃទី ១២ កក្កដានេះ រោងចក្រនេះនឹងកែច្នៃកៅស៊ូតាមស្ដង់ដា និងបច្ចេកវិទ្យាថ្មី ដើម្បីធានាថាផ្លូវល្បឿនលឿនមានភាពរឹងមាំ និងជាប់បានយូរ។

ប្រភពដដែលបានបញ្ជាក់ថា ក្រៅពីការបង្កើតរោងចក្រនេះ ក្រុមហ៊ុនក៏បាននាំចូលសម្ភារៈ និងបច្ចេកវិទ្យាសំណង់ថ្មីៗជាច្រើនមកកម្ពុជា ពោលគឺមិនត្រឹមតែដើម្បីពង្រឹងគុណភាពផ្លូវល្បឿនលឿនទេ តែក៏អាចលើកកម្ពស់ការច្នៃប្រឌិតបច្ចេកវិទ្យាក្នុងឧស្សាហកម្មសាងសង់ហេដ្ឋារចនាសម្ព័ន្ធកម្ពុជាផងដែរ។

គួរបញ្ជាក់ផងដែរថា ការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ គិតត្រឹមខែមិថុនា ឆ្នាំ២០២១ សម្រេចបាន ៥៥% ដោយគ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២២ ខាងមុន ដែលជាការបញ្ចប់មុនផែនការ។ (អានបន្ថែម)

- Video Advertisement -