អាមេរិកថាចិនកំពុងសាងសង់កន្លែងស្ដុកមីស៊ីលនុយក្លេអ៊ែរជាង១០០ កន្លែងនៅសមុទ្រខ្សាច់
ក្រុមអ្នកស្រាវជ្រាវអាមេរិកផ្អែកលើការវិភាគរូបភាពពីផ្កាយរណបបានអះអាងថា ប្រទេសចិនកំពុងសាងសង់រណ្ដៅជាច្រើន ដែលមើលទៅដូចជាកន្លែងស្ដុកមីស៊ីលនុយក្លេអ៊ែរជាង ១០០កន្លែង នៅវាលខ្សាច់ដាច់ស្រយាលមួយនៃខេត្តហ្គាន់ស៊ូ។ នេះបើយោងតាមសារព័ត៌មាន The Guardian។
អ្នកវិភាគក្រុមនេះ បានសម្ដែងសេចក្ដីព្រួយបារម្ភថា បើសំណង់ដ៏ធំនេះ ជាកន្លែងផ្ទុកមីស៊ីលនុយក្លេអ៊ែដូចការសន្និដ្ឋានពិតមែន វាគឺអាចជាងអភិវឌ្ឍដ៏មានហានិភ័យមួយសម្រាប់ពិភពលោក ពិសេសនៅពេលដែលប្រទេសសមហាអំណាចប៉ះទង្គិចគ្នាខ្លាំង។
អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌល James Martin Center for Nonproliferation Studies បានទទួលរូបភាពផ្កាយរណបទាំងនេះពីក្រុមហ៊ុឯកជនឈ្មោះថា Planet ដោយក្រោយវិភាគឃើញថា មានរណ្ដៅក្នុងស្រុកចំនួន ១១៩ កំពុងត្រូវបានសាងសង់ ដែលហាក់ដូចអាចផ្ទុកកាំជ្រួចមីស៊ីលឆ្លងទ្វីបបាន។
អ្នកជំនាញនុយក្លេអ៊ែរអាមេរិកលោក Jeffrey Lewis បាននិយាយថា លើសពីនេះ ក៏ឃើញបានការសាងសង់លេនដ្ឋានក្រោមដី ដែលអាចត្រូវបានប្រើជាមជ្ឈមណ្ឌលបាញ់បង្ហោះ ឬមូលដ្ឋានយោធាផងដែរ។
លោក Lewis បានប្រាប់កាសែត Washington Post ថា លោកគិតថាប្រទេសចិនកំពុងពង្រីកកម្លាំងនុយក្លេអ៊ែររបស់ខ្លួនដើម្បីទប់ទល់នឹងអាមេរិក ជាក់ជាមិនខាន។
ទោះយ៉ាងណាក្ដី ទាំងនេះគ្រាន់តែជាការវិភាគរបស់អ្នកស្រាវជ្រាវ ដោយមានមតិផ្សេងទៀតលើកឡើងថា រណ្ដៅអាចមើលទៅដូចកន្លែងស្ដុកមីស៊ីល ប៉ុន្តែការពិតអាចមិនមែនក៏ថាបាន។
លោក Lewis បកស្រាយថា នេះអាចជាល្បែងនយោបាយ ដែលចិនចង់ឱ្យពិភពលោកឃើញថាខ្លួនមានមីស៊ីលនៅទីនោះ តែការពិតទៅខ្លួនលាក់មីស៊ីលនៅកន្លែងផ្សេងក៏ថាបាន ដែលសុទ្ធសឹងតែជារឿងគួរឱ្យបារម្ភ។
គួរបញ្ជាក់ថា បើយោងតាមវិទ្យាស្ថានស្រាវជ្រាវ Stockholm International Peace Research Institute បច្ចុប្បន្ន ប្រទេសចិនអាចមានក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល ៣៥០ ក្បាល ពោលគឺប្រមាណ ៣០ ដងច្រើនជាងកាលពីឆ្នាំ ២០២០។

រូបភាព៖ Washington Post

