ការវិនិយោគអចលនទ្រព្យបែប Timeshares លើប្រព័ន្ធBlockchain នឹងចូលទីផ្សារកម្ពុជាឆាប់ៗ
ក្រុមហ៊ុនផ្ដល់សេវាវិនិយោគអចលនទ្រព្យលើប្រព័ន្ធ Blockchain ល្បីល្បាញ LABS Group នឹងបើកឱ្យសាធារណៈជនដេញថ្លៃ រីសតប្រភេទថ្មីដែលមិនធ្លាប់មានពីមុនមកលើពិភពលោក ឬហៅ RTS-NTF នៅថ្ងៃទី ១៥ ខែកក្កដា នេះ។
ក្រុមហ៊ុនក៏បានបញ្ជាក់ទៀតថានឹងបង្កើតឱ្យមានការដេញថ្លៃវិនិយោគអចលនទ្រព្យប្រភេទ RTS-NFT នេះ នៅកម្ពុជា ១ កន្លែង នៅជប៉ុន ៣កន្លែង និងនៅឥណ្ឌូនេស៊ី ២កន្លែងទៀត ក្នុងពេល ២ ឆ្នាំខាងមុខ។
គួរបញ្ជាក់ថា រីសតដែលនឹងដាក់ដេញថ្លៃនៅថ្ងៃស្អែកនេះ មានឈ្មោះថា Kunang Kunang Glamping ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ Banyuwangi នៃប្រទេសឥណ្ឌូនេស៊ី។ គម្រោងនេះ ត្រូវបានអភិវឌ្ឍឡើងក្រោមកិច្ចសហការរវាង LABS Group និងក្រុមហ៊ុនអ្នកអភិវឌ្ឍល្បីល្បាញផ្នែករីសត Gravity Resorts។
គម្រោងនេះជាការវិនិយោគបែបថ្មី មិនធ្លាប់មានពីមុនមក ដែលហៅថា Timeshares Non-Fungible Token ឬ RTS-NFT។ និយាយឱ្យងាយយល់តម្លៃរីសតទាំងមូលត្រូវបានបំបែកជាង ៣៦៥ ភាគហ៊ុន RTS-NFT ដែលវិនិយោគិនអាចដេញថ្លៃទិញភាគហ៊ុនហើយក្លាយជាម្ចាស់នៃរីសតបាន។
ខុសពីភាគហ៊ុនធម្មតា ការទិញលក់គឺធ្វើឡើងក្នុងប្រព័ន្ធ Blockchain ដូចជា Cryptocurrency ដូច្នេះដែរ ដែលម្ចាស់ភាគហ៊ុនទិញលក់ដោះដូរភាគហ៊ុនរបស់ខ្លួនបានដោយងាយស្រួល និងមានសុវត្ថិភាព។
លើសពីនេះ ការវិនិយោគថ្មីនេះ គឺខុសពីការវិនិយោគបែប Timeshares ធម្មតាដែលម្ចាស់ភាគហ៊ុននីមួយៗមានសិទ្ធិត្រឹមស្នាក់នៅ/ឬធ្វើជាម្ចាស់ ស្មើនឹងចំនួនភាគហ៊ុន ឬTimeshares ដែលខ្លួនទិញប៉ុណ្ណោះ ដោយមិនទទួលបានប្រាក់ចំណូលប្រចាំឆ្នាំឡើយ។ ឧទាហរណ៍បើទិញ Timeshares ៧ ថ្ងៃ អ្នកនឹងមានសិទ្ធចូលមកស្នាក់នៅ ៧ ថ្ងៃ ជារៀងរាល់ឆ្នាំ ប៉ុន្តែមិនមានលុយចំណេញប្រចាំឆ្នាំអ្វីទេ។
ប៉ុន្តែ RTS-NFT វិញ មិនត្រឹមតែផ្ដល់សិទ្ធស្នាក់នៅទេ តែថែមទាំងផ្ដល់ប្រាក់ចំណូលប្រចាំឆ្នាំយ៉ាងហោច ១០% នៃតម្លៃភាគហ៊ុន ដល់ទៅអ្នកទិញទៀតផង។ លើសពីនេះ ការដោះដូរទិញលក់ក៏ងាយស្រួលជាងមុន ដែលធ្វើឡើងលើប្រព័ន្ធ Blockchain ២ ធំៗគឺ Binance Smart Chain និង Ethereum ។
គួរបញ្ជាក់ថា រីសត Kunang Kunang Glamping ស្ថិតនៅចម្ងាយ ៣០ នាទីពីព្រលានយន្តហោះ Banyuwangi ឬ ៣០ នាទីពីកោះបាលីតាមជើងយន្តហោះ។
លាតសន្ធឹងលើផ្ទៃដី ៦.៨០០ ម៉ែត្រការ៉េ រីសតហ៊ុមព័ទ្ធដោយព្រៃបៃតងខៀវ ដែលរចនាឡើងដោយស្ថាបត្យករដែលឈ្នះពានរង្វាន់ Willy Sandy Ekaputra។
រីសតគម្រោងនឹងបើកសាកល្បងនៅខែធ្នូឆ្នាំ ២០២១ ហើយនឹងបើកជាផ្លូវការនៅខែកុម្ភៈឆ្នាំ ២០២២ ។ (មានវីដេអូ)





