ខេត្តកំពង់ចាមបើកការដ្ឋានសាងសង់ផ្លូវថ្មីតភ្ជាប់ឃុំសំខាន់ៗ៣ តម្លៃជាង ៣លានដុល្លារ
រដ្ឋបាលខេត្តកំពង់ចាម បានបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ ២ជាន់(DBST) ថ្មី ១ខ្សែ ប្រវែងប្រមាណ ២៧គីឡូម៉ែត្រ ឆ្លងកាត់ឃុំសំខាន់ៗ ៣ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម។
ផ្លូវនេះនឹងត្រូវចំណាយទឹកប្រាក់អស់ជាង ៣លានដុល្លារអាមេរិក ក្រោមជំនួយរបស់ធនាគារពិភពលោក និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។
ការស្ថាបនាផ្លូវនេះ នឹងចាប់ផ្តើមពីចំណុចភូមិបឹងត្រាវ ឃុំសូរគង ឆ្លងកាត់ឃុំរាយប៉ាយ ឆ្ពោះទៅដល់ស្ពានអន្លង់គគីរ ភូមិអន្លង់គគីរ ឃុំព្រែកកុយ នៃស្រុកកងមាស។
ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឱ្យដឹងក្នុងពិធីបើកការដ្ឋានកាលពីថ្ងៃទី១៧ ខែកក្កដា ថា ផ្លូវនេះនឹងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ និងដោយប្រយោល ដល់បងប្អូនប្រជាពលរដ្ឋទាំង ៣ឃុំ ដែលចំណេញពេលវេលាដឹកជញ្ជូនផលិតផលកសិផលទៅកាន់ទីផ្សារ។
មិនត្រឹមតែប៉ុណ្ណោះ ផ្លូវនេះ នឹងជួយប្រែក្លាយសហគមន៍ឱ្យមានសោភ័ណភាពល្អ ធ្វើឱ្យប្រជាពលរដ្ឋរស់នៅមានផាសុខភាព និងជីវភាពរស់នៅប្រសើរឡើង។

