ក្រសួងសាធារណការ គ្រោងពង្រីកផ្លូវជាតិលេខ៦ កំណាត់ស្គន់-សៀមរាប ជា៤ គន្លង

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញគម្រោងសិក្សាពង្រីកផ្លូវជាតិលេខ៦ កំណាត់ស្គន់-សៀមរាប ទៅជា ៤ គន្លង ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងដឹកទំនិញ។

ថ្លែងនៅក្នុងពិធីបើកសម្ពោធមណ្ឌលផ្តល់សេវាសាធារណៈថ្មីនៅសៀមរាប កាលពីថ្ងៃម្សិលមិញ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ក្រសួងកំពុងសិក្សាលទ្ធភាពពង្រីកផ្លូវជាតិលេខ៦ ពីរដំណាក់កាលបន្ថែមទៀត។

ឯកឧត្តម បានប្រសាសន៍ថា៖ «ក្រសួងកំពុងសិក្សា ពីលទ្ធភាពពង្រីកផ្លូវចាប់ពីស្គន់ខេត្តកំពង់ចាម ទៅដល់ខេត្តកំពង់ធំ ពី ២គន្លងទៅ៤គន្លង និងចាប់ពីខេត្តកំពង់ធំទៅខេត្តសៀមរាប ពី២គន្លងទៅ៤គន្លងផងដែរ»។

គួរបញ្ជាក់ផងដែរថា ផ្លូវជាតិលេខ ៦ ពីថ្នល់កែង ខេត្តកំពង់ចាម ដល់អង្រ្គង ខេត្តសៀមរាប ត្រូវបានលើកកម្ពស់ម្ដងរួចមកហើយ ដោយបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកាលពីឆ្នាំ២០១៨ កន្លងមក ក្រោមជំនួយរបស់ប្រទេសចិនប្រមាណ ២៥៥ លានដុល្លារអាមេរិក។

យ៉ាងណាក្ដីក្រៅពីផ្លូវជាតិលេខ ៦ កាលពីថ្មីៗនេះ ក្រសួងក៏ទើបតែបញ្ចប់ការសិក្សាគម្រោងពង្រីកផ្លូវជាតិលេខ៧ ចាប់ពីស្គន់ទៅដល់ទីរួមខេត្តកំពង់ចាម ពី២គន្លង ទៅ៤គន្លងផងដែរ។ (អានបន្ថែម)

- Video Advertisement -