ខេត្តព្រះសីហនុនឹងមានស្ថានីយទឹកកខ្វក់ខ្នាតធំទី៣ ខណៈចៅហ្វាយខេត្តកំពុងពិនិត្យទីតាំងផ្ទាល់

រដ្ឋបាលខេត្តព្រះសីហនុ គ្រោងនឹងសាងសង់ស្ថានីយចម្រោះទឹកកខ្វក់ខ្នាតធំសទី៣ ដែលមានទីតាំងសង្កាត់លេខ៤ ឆាប់ៗខាងមុខនេះ ខណៈបច្ចុប្បន្នអាជ្ញាធរខត្តបាន និងកំពុងចុះពិនិត្យទីតាំង និងសិក្សាជាបន្តបន្ទាប់។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងក្នុងឱកាសចុះពិនិត្យទីតាំងផ្ទាល់ កាលថ្ងៃទី២១ ខែកក្កដា នេះ ទីតាំងដែលជ្រើសរើសដើម្បីសាងសង់ស្ថានីយទី៣ នេះ គឺភូមិ៤ សង្កាត់៤ ត្រង់ចំណុជាប់ឆ្នេរអូឈើទាល ។

«មូលហេតុនៃការកសាងស្ថានីយបន្ថែម គឺដើម្បីឆ្លើយតបទៅនឹងកំណើនសកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍ក្នុងខេត្តក្នុងពេលបច្ចុប្បន្ន និងទៅថ្ងៃខាងមុខ។ ដូច្នេះស្ថានីយចម្រោះគឺចាំបាច់ណាស់ ពោលគឺនឹងជួយកាត់បន្ថយការបំពុលឆ្នេរខ្សាច់ សមុទ្រ និងបរិស្ថានជារួម» ឯកឧត្តម បានបន្ត។

បើយោងតាមផែនការ ស្ថានីយទី ៣ នេះ នឹងមានសមត្ថភាពចម្រោះទឹកបានដល់ ២០ ០០០ ម៉ែត្រគូប ក្នុងមួយថ្ងៃ។

គួរបញ្ជាក់ផងដែរថា យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ចេញថ្ងៃទី ២២ កក្កដា ការងារស្ថាបនាស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ នៅក្នុងខេត្តព្រះសីហនុ សម្រេចបាន ៩៨% ខណៈស្ថានីយទី ២ សម្រេចបាន ១០០%។

ដោយឡែកគម្រោងស្ថានីយទី៣ អាជ្ងាធរក៏កំពុងពិនិត្យលទ្ធភាពស្ថាបនា ដើម្បីពន្លឿនការសាងសង់នាពេលដ៏ខ្លីខាងមុខនេះ៕

- Video Advertisement -