កម្ពុជាចាប់ដៃជាមួយវៀតណាម ធ្វើផែនការមេឌីជីថលសម្រាប់វិស័យសាធារណការនិងដឹកជញ្ជូន
ក្រសួងសាធារណការ និងដឹកជញ្ជូន សម្រេចបង្កើតក្រុមការងារបច្ចេកទេស សហការជាមួយក្រុមហ៊ុនទូរគមនាគមន៍ធំជាងគេនៅវៀតណាម Viettel ដើម្បីរៀបចំផែនការមេបច្ចេកវិទ្យាឌីជីផល ធ្វើទំនើបកម្មវិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជា។
ការបង្កើតក្រុមការងារនេះ គឹយោងតាម MoU ស្តីពីការសហការរៀបចំផែនការមេបច្ចេកវិទ្យាសម្រាប់វិស័យសាធារណការ និងដឹកជញ្ជូន និងគម្រោងផ្គង់ផ្គង់អ៊ីនធើណេត (Fiber Optic DPLC) រវាងភាគីទាំងពីរ កាលពីខែតុលា ឆ្នាំ ២០២០។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងកាលពីថ្មីៗនេះ ក្រុមការងារនេះនឹងត្រូវដឹកនាំដោយប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈលោក ហ៊ាង សុទ្ធាយុត្តិ ហើយមានតួនាទីចងក្រងសេចក្តីព្រាងផែនការមេបច្ចេកវិទ្យា តាមរយៈការប្រមូលធាតុចូល ការស្រាវជា្រវ ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ។
ការបង្កើតក្រុមការងារថ្មីនេះទៀតសោត គឺស្របពេលដែលក្រសួងកំពុងផ្តោតទៅលើការផ្តល់សេវា និងការងារផ្សេងៗ ដោយប្រើព័ត៌មានវិទ្យាដើម្បីជំរុញប្រសិទ្ធភាពការងារ។
ជាក់ស្ដែង ថ្មីៗនេះក្រសួងក៏ទើបតែប្រកាសចង់បង្កើតកម្មវិធី Application សម្រាប់តាមដានការងារសាងសង់ផ្លូវ ក្នុងគោលបំណងដើម្បីធានាគុណភាពសំណង់ និងបញ្ឈប់ការធ្វើឱ្យរួចពីដៃ។ (អានបន្ថែម)

