បើកម្ពុជាចង់មានកំណើនសេដ្ឋកិច្ចរយៈពេលវែង ADB ណែនាំឱ្យអនុវត្តគោលនយោបាយ៤
អត្ថបទវិភាគរបស់ ADB បានណែនាំថា បើកម្ពុជាចង់មានកំណើនសេដ្ឋកិច្ចដែលស្ថិរភាព និងចីរភាព ក្នុងរយៈពេលវែង រដ្ឋាភិបាលគួរជំរុញឱ្យមានការវិនិយោគបៃតង និងការផលិតថាមពលស្អាតក្នុងស្រុកឱ្យបានច្រើនជាងមុន។ អត្ថបទវិភាគនេះ សរសរឡើងដោយនាយកប្រតិបត្តិធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា អ្នកស្រី Sunniya Durrani-Jamal និង សេដ្ឋវិទូផ្នែកថាមពល Darren Byers ដោយចេញផ្សាយកាលពីថ្ងៃទី ២៥ សីហា កន្លងទៅនេះ។
អត្ថបទនេះបានរំលេចនូវវិធីសាស្ត្រសំខាន់ៗ ៤ ដើម្បីឱ្យរាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធ គួរពិចារណាអនុវត្ត រួមមាន៖
ទី១ ការកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ ការដាំដើមឈើឡើងវិញ និងការលើកកម្ពស់ការគ្រប់គ្រងធនធាន និងឥន្ធនៈស្អាត។ គោលនយោបាយទាំងនេះ មិនត្រឹមតែជួយកាត់បន្ថយការបញ្ចេញឧស្ម័នពុលនៅកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងជួយកាត់បន្ថយគ្រោះធម្មជាតិ និងចំណាយស្តារហេដ្ឋារចនាសម្ព័ន្ធខូចខាតពីគ្រោះធម្មជាតិទាំងនោះទៀតផង។
ទី២ កម្ពុជាគួរពិចារណាបន្ថែមចំណាយលើការវិនិយោគដែលបញ្ចេញឧស្ម័នពុលខ្លាំង ឬពន្យល់ឱ្យងាយយល់គឺការគិតលុយលើរាល់ការបញ្ចេញឧស្ម័នពុលពីរោងចក្រនានា។ គោលនយោបាយនេះត្រូវមានការចូលរួមទាំងរដ្ឋ ឯកជន និងអ្នកប្រើប្រាស់ទូទៅ។ ជាក់ស្ដែង គោលនយោបាយស្រដៀងគ្នានេះត្រូវបានអនុវត្តខ្លះហើយ ដូចជាការលក់ឥណទានកាបូនជាដើម។ (អានបន្ថែម)
ទី៣ ការពិចារណាយកពន្ធលើការបញ្ចេញឧស្ម័នពុលរបស់រោងចក្រនានា ដើម្បីជំរុញឱ្យពួកគេអនុវត្តបច្ចេកវិទ្យាថ្មី កាត់បន្ថយការបញ្ចេញឧស្ម័នពុលរបស់ពួកគេ។
ទី៤ ការងាកពីការប្រើប្រាស់រោងចក្រថាមពលដុតធ្បូងថ្ម មកប្រើថាមពលបៃតង ឬថាមពលកកើតឡើងវិញ។ តម្លៃនៃបច្ចេកវិទ្យាក្នុងការវិនិយោគថាមពលកកើតឡើងវិញ ដូចជាថាមពលសូឡា និងថាមពលខ្យល់ បានធ្លាក់ថ្លៃជាបន្តបន្ទាប់ ដូច្នេះកម្ពុជាគួរពិចារណាជំនួសរោងចក្រថាមពលដុតធ្យូងថ្ម ដោយថាមពលបៃតងវិញ។
អត្ថបទដដែល បានបញ្ជាក់ទៀតថា ការអនុវត្តគោលនយោបាយទាំងនេះ គឺរឿងលំបាករបស់រដ្ឋាភិបាល ព្រោះត្រូវចំណាយខ្ពស់។ ប៉ុន្តែ ADB ចង់ឱ្យរដ្ឋាភិបាលគិតគូរវែងឆ្ងាយជាងមុន។ ទោះបីជាការវិនិយោគបៃតង មានចំណាយខ្ពស់ជាងការវិនិយោគធម្មតាពិតមែន ប៉ុន្តែវាបង្កផលល្អទៅអនាគត បើវិភាគតាមទស្សនៈវិស័យនៃវដ្តជីវិតពេញលេញក្រោមសេណារីយ៉ូថ្លៃកាបូន ផលចំណេញផ្នែកហិរញ្ញវត្ថុ និងសេដ្ឋកិច្ច និងផលប្រយោជន៍សង្គម។
- Video Advertisement -