ស្ពានឆ្លងកាត់ជ្រោះធំជាងគេប្រវែង ២២៥ម៉ែត្រ នៃគម្រោងផ្លូវល្បឿនលឿនលេចរូបរាងបណ្ដើរៗហើយ
ក្រុមហ៊ុនចិនដែលកំពុងសាងសង់ផ្លូវល្បឿនលឿន បានឱ្យដឹងថា ស្ពានធំជាងគេដែលមានប្រវែងរហូតដល់ ២២៥ម៉ែត្រ នៃផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានលេចចេញបណ្ដើរៗហើយ។
យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ស្ពាននេះស្ថិតនៅត្រង់ចំណុចគីឡូម៉ែត្រលេខ ១៧៨ ដែលជាស្ពានកាត់ទទឹងទឹកជ្រោះក្បាលឆាយ ខណៈបច្ចុប្បន្នក្រុមការងារ សម្រេចការសាងសង់សសរធ្នឹមស្ពានខ្ពស់ទីមួយ រួចរាល់ហើយ។
គួររំឭកថា ការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ គិតត្រឹមខែកក្កដា ឆ្នាំ២០២១ សម្រេចការសាងសង់បាន ៦៤% ហើយ ដោយគ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២២ ខាងមុខ ដែលជាការបញ្ចប់មុនផែនការ។ (អានបន្ថែម)
គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នេះមានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ ភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
គម្រោងនេះ គ្រោងចំណាយថវិកាសាងសង់សរុបប្រមាណ ២ពាន់លានដុល្លារអាមេរិក ដោយកំពុងសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd.៕

