ក្រសួងសាធារណការចាប់ផ្តើមបង្កើត App ត្រួតពិនិត្យ និងតាមដានគុណភាពសាងសង់ផ្លូវ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានចាប់ផ្តើមការងារត្រៀមបង្កើតកម្មវិធី ឬAPP សម្រាប់តាមដាន និងត្រួតពិនិត្យគុណភាពការដ្ឋានផ្លូវថ្នល់នានានៅកម្ពុជាហើយ កាលពីខែកក្កដា ក្រោយរដ្ឋមន្រ្តីបានដាក់កំហិតឱ្យមន្រ្តីក្រោមឱវាទពង្រឹង និងរឹតបន្តឹងគុណភាពការងារសាងសង់ស្ពានថ្នល់នានា ដោយហាមដាច់ខាតមិនឱ្យធ្វើការងារឱ្យរួចពីដៃទេ។

កិច្ចប្រជុំពិភាក្សាលើការងារនេះ ធ្វើឡើងកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ដែលដឹកនាំដោយ ឯកឧត្តម ហ៊ាង វុត្ថា អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេស។ ឯកឧត្តម ហ៊ាង វុត្ថា បានឱ្យដឹងថា ការងារទាំងមូលគឺមិនមែនត្រឹមតែបង្កើតApp ទេ តែគឺនឹងបង្កើតប្រព័ន្ធមុខងារប្រើប្រាស់ពេញលេញសម្រាប់ត្រួតពិនិត្យគុណភាពផ្លូវ ឬ Road Care Supervision System ទៀតផង។

ឯកឧត្តម មានប្រសាសន៍ថា៖ «បច្ចុប្បន្ន ក្រុមការងារពាក់ព័ន្ធ កំពុងផ្លាស់ប្តូរមតិយោបល់ ប្រមូលធាតុចូលផ្សេងៗ និងបំពេញចំណុចខ្វះខាត មុនចាប់ផ្ដើមបង្កើតប្រព័ន្ធនេះ»។

«ប្រព័ន្ធនេះ នឹងជួយផ្ដល់ភាពងាយស្រួលដល់ថ្នាក់ដឹកនាំក្រសួង ក្នុងការតាមដានការងារគុណភាពផ្លូវ តាមរយៈរបាយការណ៍សាងសង់ របាយការណ៍ត្រួតពិនិត្យគុណភាព និងរបាយការណ៍វាយតម្លៃការងារសាងសង់ផងដែរ» ឯកឧត្តមបានបន្ដ។

គួរបញ្ជាក់ថា កាលពីពេលថ្មីនេះ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាហាមដាច់ខាតមិនឱ្យធ្វើការងារឱ្យរួចពីដៃ នៅពេលសាងសង់ស្ពានថ្នល់នានា ព្រោះវានឹងនាំឱ្យខាតទាំងពេលវេលា ខាតបង់ទាំងថវិកា និងគុណភាពផងដែរ។ (អានបន្ថែម)

ក្រៅពីនេះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានព្រមានចាប់រថយន្ដដឹកលើសទម្ងន់ទាំងអស់ មិនថាអ្នកមានខ្នង ឬអ្នកអត់ខ្នង បើធ្វើឱ្យខូចផ្លូវ គឺចាប់ទាំងអស់ដោយគ្មានការលើកលែងនោះឡើយ៕

- Video Advertisement -