ហូឡង់បង្កើតផ្ទះចល័តដែលបង្កើតថាមពលបានខ្លួនឯង មិនបាច់ប្រើសាំង ឬសាកអគ្គិសនីឡើយ
សាកលវិទ្យាល័យ Eindhoven University of Technology នៃ ប្រទេសហូឡង់បានបង្ហាញនូវការច្នៃប្រឌិតថ្មីមួយ បង្កើតផ្ទះចល័ត ឬផ្ទះក្នុងឡាន ដើរដោយថាមពលពន្លឺព្រះអាទិត្យដំបូងគេដែលមានឈ្មោះថា Stella Vita។ នេះបើយោងតាមសារព័ត៌មានGCR។
បច្ចេកវិទ្យាបន្ទះថាមពលពន្លឺសូឡាដែលបានបំពាក់នៅលើដំបូងផ្ទះចល័តនេះ គឺមានសមត្ថភាពស្រូបថាមពលបានខ្ពស់ ដែលគ្រប់គ្រាន់សម្រាប់ម្ចាស់ផ្ទះងូតទឹក មើលទូរទស្សន៍ សាកកុំព្យូទ័រ និងឆុងកាហ្វេ បានដោយងាយស្រួល។
នៅពេលមេឃបើកថ្ងៃ ផ្ទះ Stella Vita នឹងអាចស្រូបថាមពលពន្លឺព្រះអាទិត្យបានគ្រប់គ្រាន់ ដើម្បីធ្វើដំណើររហូតដល់ ៧៣០ គីឡូម៉ែត្រឯណោះ។
ក្រៅពីនេះ ផ្ទះនេះក៏មានដំបូលដែលអាចរលាស់ឡើងលើបាន ដែលនឹងធ្វើឱ្យទីធ្លាផ្ទះធំទូលាយជាងមុន ដើម្បីឱ្យម្ចាស់ផ្ទះអាចឈរចម្អិនអាហារ បានដោយងាយស្រួល។ ជាមួយនឹងដំបូលបត់ឡើងបាននេះ ផ្ទៃក្រឡាផ្ទះទាំងមូលមានដល់ ១៧,៥ ម៉ែត្រការ៉េ។
គម្រោងធ្វើដំណើរសាកល្បង នឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ ដោយក្រុមនិស្សិតនៃសាកលវិទ្យាល័យអ៊ីនដូហូន នឹងធ្វើដំណើរពីទីក្រុងអ៊ីនដូហូន ទៅដល់ចុងខាងត្បូងបំផុតនៃប្រទេសអេស្ប៉ាញ។

