ស្ពានបេតុងឫស្សីកែវ-ជ្រោយចង្វារ សង់បានជិត៦០% គ្រោងនឹងបញ្ចប់ខែមីនា ឆ្នាំ២០២៣

នៅខែមីនាឆ្នាំ២០២៣ខាងមុខនេះ រាជធានីភ្នំពេញ នឹងមានវត្តមានស្ពានបេតុងថ្មីមួយទៀត គឺស្ពានឫស្សីកែវ-ជ្រោយចង្វារ ត្រង់ប្រសព្វផ្លូវជាតិលេខ៥ ក្បែរស្ពានបាឡេបច្ចុប្បន្ន ដោយគិតមកទល់ពេលនេះ ការដ្ឋានស្ពានទាំងមូល សម្រេចបានប្រមាណបាន៥៩% ហើយ។

មន្ទីសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងកាលពីកាលពីថ្ងៃទី២៤ ខែតុលា កន្លងមកថា ១)៖ «បើត្រឹមថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ការដ្ឋានសាងសង់ស្ពានឫស្សីកែវ ឆ្លងកាត់ទន្លេសាប សម្រេចលទ្ឋផលបាន ៥៩%។ ការដ្ឋាននឹងបញ្ចប់ការសាងសង់នៅខែមីនា ឆ្នាំ២០២៣ខាងមុខ» ។

គួរបញ្ជាក់ថា ស្ពានឫស្សីកែវ ដែលបានសាងសង់ឆ្លងកាត់ទន្លេសាបខាងលើនេះ ត្រូវបានបើកការដ្ឋានកាលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ក្រោមវត្តមានសម្តេច ហ៊ុន សែន។ ស្ពានមួយខ្សែនេះ ប្រវែងជិត១គីឡូម៉ែត្រ ឆ្លងកាត់ទន្លេសាបពីតំបន់អភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារ ទៅកាន់ផ្លូវជាតិលេខ៥ ដោយគ្រោងចំណាយថវិកាប្រមាណ ៣៥លានដុល្លារអាមេរិក។ (អានបន្ថែម)

គម្រោងស្ពាននេះ នឹងបង្កើតលំហូរចរាចរថ្មី តភ្ជាប់ពីផ្លូវជាតិលេខ៥នៃខណ្ឌឫស្សីកែវ និងផ្លូវជាតិលេខ៦នៃខណ្ឌជ្រោយចង្វារ ហើយក៏ជាការបង្កើតផ្លូវថ្មីតភ្ជាប់ចរាចរក្នុងទីក្រុងទៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកម្ពុជានឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME ២០២៣ ខាងមុខ៕

- Video Advertisement -