សហភាពអឺរ៉ុបអនុម័តទុន ១៥ លានអឺរ៉ូ ចង់បង្កើតរថភ្លើងហោះក្នុងបំពង់សុញ្ញកាស ដំបូងក្នុងតំបន់
គណៈកម្មការអឺរ៉ុបបានអនុម័តទឹកប្រាក់ចំនួន ១៥ លានអឺរ៉ូជាលើកដំបូង ឱ្យទៅក្រុមហ៊ុន Hardt Hyperloop ដែលជាក្រុមហ៊ុនវិស្វកម្មរបស់ប្រទេសហូឡង់ ដើម្បីសិក្សា និងអភិវឌ្ឍគម្រោងរថភ្លើងហោះក្នុងបំពង់សុញ្ញកាស ឬហៅថា Hyperloop ក្នុងតំបន់អឺរ៉ុបជាឡើងដំបូង។ នេះបើយោងតាម GCR កាលពីថ្ងៃទី ២៥ ខែតុលា។
លោក Tim Houter សហស្ថាបនិកក្រុមហ៊ុន Hardt បាននិយាយថា ទុននេះយកទៅប្រើប្រាស់ដើម្បីអភិវឌ្ឍគម្រោង ដែលមួយផ្នែកនឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ស្ថានីយ Hyperloop នៅទីក្រុង Groningen ដែលត្រូវបានគេរំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០២៣ ។
ដោយឡែក គម្រោងដំណើរការរថភ្លើងសាកល្បងជាលើកដំបូង នឹងធ្វើឡើងរវាងទីក្រុង Amsterdam និង Rotterdam ដោយនឹងសាកល្បងលើការដឹកទំនិញសិន។ ផែនការនេះ កំពុងពិនិត្យដោយក្រុមហ៊ុន រដ្ឋាភិបាល និងបណ្តាញអង្គការនានា ដោយសង្ឃឹមថានឹងក្លាយជាការពិតនៅក្នុងប្រទេសហូឡង់ក្នុងទសវត្សរ៍នេះ។
គួរបញ្ជាក់ថា រថភ្លើងហោះក្នុងបំពង់សុញ្ញកាសនេះជារបកគំហើញដែលផ្ដួចផ្ដើមចេញពីអ្នកវិទ្យសាស្រ្តល្បីលោក George Medhurst តាំងពីឆ្នាំ ១៧៩៩ តែត្រូវយកមកសិក្សាឡើងវិញដោយ Elun Mask កាលពីឆ្នាំ ២០១២។
ដោយសារតែ រថភ្លើងនេះប្រើប្រព័ន្ធ magnetic ដែលធ្វើឱ្យរថភ្លើងរត់ដូចហោះផុតពីផ្លូវ ហើយ បូកបន្ថែម លើកត្តាដែលរថភ្លើងនេះរត់ក្នុងបំពង់សុញ្ញកាស ទើបធ្វើឱ្យវាគ្មានរងការកកិតអ្វីទាំងអស់ (សូម្បីតែពីខ្យល់)។ កត្តានេះធ្វើឱ្យរថភ្លើងអាចមានល្បឿនដល់ទៅ ៩៦៥ គម/ម៉ោង ដូចយន្តហោះដូច្នោះដែរ។
បច្ចេកវិទ្យានេះ អាចដំណើរការ ២២ ម៉ោង ក្នុង១ ថ្ងៃ បើទោះជាអាកាសធាតុមិនល្អ ហើយវាក៏មិនមានគ្រោះថ្នាក់អ្វីនោះដែរ។
គួរបញ្ជាក់ថា Virgin Hyperloop បានធ្វើការសាកល្បងគម្រោងនេះជាមួយអ្នកដំណើរពិតៗជាលើកដំបូងនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅ នៅទីក្រុង Las Vegas។

