និស្សិតខ្មែរបង្ហាញរំបកគំហើញថ្មីប្រើដ្រូនប្រើសម្រាប់ពន្លត់អគ្គីភ័យក្នុងអគារខ្ពស់
ក្រុមនិស្សិតកម្ពុជាមួយក្រុមនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា កំពុងរៀបចំដំឡើងដ្រូនដើរដោយថាមពលអគ្គិសនី ដើម្បីពន្លត់អគ្គិភ័យក្នុងអគារខ្ពស់ៗ។ នេះបើតាមជំនួបសំណេះសំណាលរវាងរដ្ធមន្រី្តក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមនិសិ្សត កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១។
បើតាមបទបង្ហាញរបស់ក្រុមនិស្សិត គម្រោងដំឡើងដ្រូននេះ មិនមែនត្រឹមតែអាចពន្លត់អគ្គិភ័យក្នុងអគារបានទេ តែក៏អាចប្រើក្នុងការថតរូប និង វីដេអូ ក្នុងវិស័យកសិកម្ម យោធា និងវិស័យដឹកជញ្ជូនផងដែរ។
ក្រៅពីដ្រូន តំណាងក្រុមសិស្សានុសិស្ស ក៏បានធ្វើបទឧទ្ទេសនាមនិងវីដេអូខ្លីៗអំពីការបង្កើត Cubesat ជូនដល់ថ្នាក់ដឹកនាំក្រសួងផងដែរ។
រដ្ធមន្រី្តក្រសួងឧស្សាហកម្ម ឯកឧត្តមកិត្តិសេដ្ធាបណ្ឌិត ចម ប្រសិទ្ធ បានមានប្រសាសន៍ក្នុងជំនួបនេះថា៖ «ក្នុងនាមរាជរដ្ឋាភិបាល សូមធ្វើការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមនិស្សិតក្នុងការសិក្សាស្រាវជ្រាវបង្កើតដ្រូន ដើម្បីជាគុណប្រយោជន៍ដល់ប្រទេសជាតិ និងត្រូវបន្តការងារដ៏ប្រពៃនេះជាបន្តទៀត»។

