ក្រុមហ៊ុនតៃវ៉ាន់ចង់ជំរុញការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងអគារបែប 3D និងវៃឆ្លាតនៅក្នុងទីផ្សារកម្ពុជា
ប្រព័ន្ធគ្រប់គ្រងអគារ ឬការដ្ឋានសំណង់វៃឆ្លាតដោយប្រើបច្ចេកវិទ្យា IoT ឬស្គាល់ជាទូទៅថា 3D Central Building Management System បាន និងកំពុងក្លាយជានិន្នការដ៏ពេញនិយមមួយនៃប្រទេសដែលជឿនលឿន ហើយបច្ចេកវិទ្យាថ្មីនេះ ក៏កំពុងតែជ្រាបចូលទីផ្សារកម្ពុជាយ៉ាងសន្សឹមៗហើយ។
វិទ្យាស្ថានស្រាវជ្រាវការអភិវឌ្ឍពាណិជ្ជកម្ម នៃក្រសួងសេដ្ឋកិច្ចតៃវ៉ាន់ (CDRI) កំពុងពិចារណាចង់នាំចូលបច្ចេកវិទ្យាថ្មីៗចូលមកទីផ្សារកម្ពុជា ព្រមជាមួយនឹងផលិតផលសម្ភារៈសំណង់វៃឆ្លាតជាច្រើនប្រភេទទៀត។
ទិសដៅនៃការនាំចូលនេះ ទីមួយគឺដើម្បីពង្រីកទីផ្សារលក់ផលិតផលរបស់តៃវ៉ាន់ និងទីពីរ គឺដើម្បីជួយធ្វើទំនើបកម្មទីផ្សារសំណង់ និងអចលនទ្រព្យនៅកម្ពុជា ខណៈវិស័យទាំងពីរនេះកំពុងតែមានសន្ទុះ និងសក្ដានុពល។
ប្រព័ន្ធគ្រប់គ្រងអគារវៃឆ្លាត ឬ 3D Central Building Management System គឺកម្មវិធី ឬ Software ដែលអាចបង្កើតគំរូ 3D ដែលមានចលនា និងវិភាគសកម្មភាពដែលកើតឡើងនៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងកំពុងសាងសង់ និងសាងសង់រួច ពោលគឺដូចចម្លងសកម្មភាពពីទីតាំងពិតមកវិភាគលើកុំព្យរទ័រ។
ឧទាហរណ៍ដូចជា ការបង្កើត និងវិភាគគំរូសកម្មភាពអ្នកប្រើប្រាស់ស្ថានីយរថភ្លើង ឬ ព្រលានយន្តហោះ សកម្មភាពអ្នកដើរផ្សារទំនើប និងអ្នកចូលមន្ទីពេទ្យជាដើម។ លទ្ធផលនៃការវិភាគ នឹងជួយឱ្យម្ចាស់គម្រោងបត់បែន និងគ្រប់គ្រងចំណាយមានប្រសិទ្ធភាពជាងមុន។
ដោយប្រើកម្មវិធីនេះ ម្ចាស់អគារ នឹងធ្វើការដោយងាយស្រួល និងរលូនជាងមុន ព្រោះគ្រប់យ៉ាងនឹងត្រូវបានគ្រប់គ្រងលើប្រព័ន្ធតែមួយ។
គួរបញ្ជាក់ថា ក្រៅពីប្រព័ន្ធនេះ CDIR ក៏គ្រោងនឹងនាំចូលផលិតផល និងសេវាកម្មវៃឆ្លាតផ្សេងៗទៀត ដូចជា ប្រព័ន្ធគ្រប់គ្រងអគ្គិសនីនៅក្នុងអគារ ឬផ្ទះបែបឆ្លាតវៃ ប្រព័ន្ធកាម៉េរាស្វ័យប្រវត្តិដើម្បីវិភាគវឌ្ឍនភាពនៃគម្រោងសំណង់ ប្រព័ន្ធការពារអគ្គីភ័យបែបវៃឆ្លាត និងប្រព័ន្ធលំហូរខ្យល់ និងកម្ចាត់មេរោគក្នុងផ្ទះដោយស្វ័យប្រវត្តិក្នុងអគារជាដើម។
CDRI កំពុងប្រកាសស្វែករកដៃគូអាជីវកម្ម ភ្នាក់ងារចែកចាយ ឬភ្នាក់ងារលក់ផលិតផល និងសេវាកម្មទាំងនេះនៅកម្ពុជា។ អ្នកចាប់អារម្មណ៍ចង់ធ្វើដៃគូពាណិជ្ជកម្ម អាចទាក់ទង ទូរសព្ទលេខ +៨៥៥ ៧៧ ៨១១ ១៦៨ ឬ អ៊ីម៉ែល៖ charlie.wu@m-telligent.com / alexchang@cdri.org.tw ។
- Video Advertisement -